(ព្រះសីហនុ)៖ មនុស្ស២នាក់ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសាររលកបក់បោកខ្លាំងទៅជាប់នឹងថ្មច្រាំង នៅកោះថាស នៅព្រឹកព្រលឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកងកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍សង្គ្រោះភ្លាមៗ។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យថា ជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ អាយុ៤៦ឆ្នាំ ជាម្ចាស់ទូកនេសាទ និងម្នាក់ទៀតឈ្មោះ គាត សេង អាយុ៥០ឆ្នាំ មុខរបរកូនដៃទូក។ អ្នកទាំងពីរស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជន រងគ្រោះទាំង២នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និហបាននាំមកដល់កន្លែងសុវត្ថិភាពហើយនៅព្រឹកថ្ងៃដដែល។
សូមបញ្ជាក់ថា ទូកនេសាទមួយគ្រឿងនេះ ពេលកំពុងធ្វើដំណើរនៅលើសមុទ្រ ស្រាប់តែមានភ្លៀងខ្យល់ខ្លាំង ហើយអ្នកបើកបរក៏ងក់មួយភាំងធ្វើអោយទូកបើកសំដៅមកកោះថាសបុកថ្មជាប់ជាប់គាំងតែម្តង។ មនុស្សដែលជាប់លើទូកទាំង២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕