(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍ខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានចាប់វាយខ្នោះ បុរសម្នាក់ដោយសារតែបុរស រូបនេះបានបើកម៉ូតូ បញ្ច្រាសផ្លូវហើយ ស្រាប់តែចុះពីលើម៉ូតូ មកវាយនាយរងនគរបាលប៉ុស្តិ៍បឹងកេងកងទី៣ ទៀតផងបណ្តាលឲ្យ រងរបួស។
ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅចំណុចគោលដៅដាក់ត្រួតពិនិត្យចរាចរណ៍ ចាប់អ្នកជិះម៉ូតូបញ្ច្រាសផ្លូវ ស្ថិតនៅតាមផ្លូវ ម៉ៅសេទុង កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថាខណៈកម្លាំងសមត្ថកិច្ច មួយក្រុមដាក់គោលដៅ ត្រួតពិនិត្យចរាចរណ៍នោះ ស្រាប់តែបុរសរូបនេះ បានបើកម៉ូតូម៉ាក គុបមូល មកបញ្ច្រាសផ្លូវ ពេលនោះកម្លាំងគោលដៅបានហៅឲ្យឈប់ ធ្វើការផាកពិន័យ។
គ្រាន់តែចុះពីលើម៉ូតូភ្លាម ស្រាប់តែបុរសរូបនោះ ចុះមកវាយនាយរងប៉ុស្តិ៍នគរបាលបឹងកេងកងទី៣ បណ្តាលឲ្យរងរបួសទើបកម្លាំង អន្តរាគមន៍ចាប់ឃាត់ខ្លួនតែម្តង។ ជននេះត្រូវបានបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយ តាមនីតិវិធី។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយការនាំខ្លួនយកទៅសួរនាំ ស្រាប់តែឪពុកម្តាយរបស់គេ បានយកក្រដាសបញ្ជាក់ពីគ្រូពេទ្យថា មានជម្ងឺប្រចាំកាយ ពោលមិនពេញលក្ខណៈ តែយ៉ាងណានោះ រង់ចាំការសួរនាំសិន ដើម្បីដោះស្រាយបញ្ចប់រឿង៕