(អូស្ត្រាលី)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណណបក្សប្រជាជនកម្ពុជា ជាង៧០០នាក់ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក បណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។
ព្រមទាំងមានការចូលរួមពីលោកដោយមានការចូលរួមពីលោក ហ៊ត សីហា ជាសមាជិកប្រចាំតំបន់៣ (Sydney) តំណាងលោក ហួរ ហាប់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៣ និងលោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងគណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនផងដែរ។
ក្នុងកម្មវិធីនោះដែរ ក៏មានការអានសន្ទរកថា និងថ្លែងនូវសារនយោបាយមួយចំនួនអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គកន្លងមករហូតធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។
ផ្សាភ្ជាប់ជាមួយស្នាដៃធំៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសមានស្ថេរភាពនយោបាយ សុខសន្តិភាព ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តដើរតាមមាគ៌ាគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕