(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ដោយសារកត្តាសុខ សន្តិភាព គោលនយោបាយច្បាស់លាស់គណបក្សដែលបានដាក់ចេញ ការអភិវឌ្ឍឥតឈប់ឈរ និងអំពើល្អរបស់ក្រុមការងារគណបក្ស និងមន្ត្រីបក្សទាំងអស់ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា នៅឃុំពងទឹកទទួលបាន១អាសនៈបន្ថែមទៀត គឺ៦ អាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ។
ការថ្លែងបញ្ជាក់បែបនេះរបស់លោកអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅឃុំពងទឹក ដោយមានការចូលរួមពីលោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកនិងសមាជិកសមាជិកាគណបក្សជាង៦០នាក់ផងដែរ។
លោក រស់ ផារិទ្ធ បានថ្លែងអបអរសាទរចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងគួរឲ្យកត់សម្គាល់ ហើយបានប្រព្រឹត្តទៅដោយរលូន សេរីយុត្តិធម៌ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងសូមថ្លែងអំណរគុណដល់ក្រុមការងារ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងធ្វើឲ្យសំឡេងការគាំទ្រលើគណបក្សប្រជាជនកម្ពុជានៅឃុំពងទឹកកើន១អសនៈបន្ថែមទៀត។
លោកអនុប្រធានក្រុមការងារក៏បានជំរុញដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវសាមគ្គីភាពគ្នា សហការការងារឲ្យបានល្អនិងដោះស្រាយសេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាពនិងគណនេយ្យភាពត្រឹមត្រូវ នឹងបន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក បានស្នើដល់ក្រុមការងារ ក៏ដូចជាប្រធានគណបក្សឃុំ និងសមាជិកបក្សទាំងអស់ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោះស្រាយទុកលំបាកនានា ជាពិសេសត្រូវគៀងគរសមាជិកគណបក្សថ្មី ឱ្យបានច្រើនបន្ថែមទៀតនិងធ្វើពិធីប្រកាសបញ្ចូលសមាជិកបក្សដែលជាយុវជនគ្រប់អាយុបោះឆ្នោតតាមគោលនយោបាយពង្រឹងចាស់ពង្រីកថ្មី៕