(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ នាឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមវត្តមានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ក្រសួងព័ត៌មាន។
លោក សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំពាមប្រធ្នោះ បានធ្វើការបញ្ជាក់ថា នូវសមិទ្ធិផលទាំងឡាយដែលឃុំសម្រេចបាន គឺដោយសារកើតចេញពីកិច្ច ខិតខំប្រឹងប្រែង និងកិច្ចសហការល្អ ការរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺត្រូវបន្តរួមសាមគ្គីភាពរឹងមាំ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ជូនជាតិ មាតុភូមិ កាន់តែរីកចំរើនបន្តទៅមុខទៀត។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសូខទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងឃុំពាមប្រធ្នោះ ក៏ដូចជានៅទូទាំង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជាមួយនេះលោករដ្ឋមន្រ្តី ក៏បានសំដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍បានលទ្ធផលការងារបានយ៉ាងល្អប្រសើរ។ ដូច្នេះអ្វីដែលសំខាន់សម្រាប់អាជ្ញាធរដែនដីឃុំ ធ្វើបន្តគឺចាំអោយច្បាស់នូវការលើក ឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអនុសាសន៍សង្កត់ធ្ងន់ទៅកាន់ «មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់,មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ ខិតខំ ដោះស្រាយជូនប្រជាពលរដ្ឋ, សេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថា មានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់។
ទន្ទឹមនេះ លោកបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ត្តូវបន្តកែលម្អរការងារអោយបានកាន់តែប្រសើរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្ហាញសមត្ថភាពការងាររបស់ខ្លួន ដើម្បីអោយប្រជាពលរដ្ឋបានឃើញ នូវរាល់កិច្ចការងារបំរើប្រជាពលរដ្ឋ។
លោកប្រធានក្រុមការងារចុះរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានជម្រាបជូនថា ក្រសួងព័ត៌មាន មានក្រុមការងារក្នុងការរកអាហាររូបករណ៍ សម្រាប់អោយក្មួយៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់បាក់ឌុប ហើយចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា អាចទំនាក់ទំនងក្រុមការងារលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីជួយសម្របសម្រួលនិងផ្តល់យោបល់ឲ្យការសិក្សាចំជំនាញ និងចំណូលចិត្ត។
លោករដ្ឋមន្រ្តី បានលើកឡើងថា ការដែលយើងទាំងអស់គ្នាបានមកជួបគ្នាឡើងវិញនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកជំនួយ និងទិញនូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយជោគជ័យ ហើយបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីអាចអោយប្រជាជនប្រកបរបររកស៊ីបំពេញការងារឡើងវិញ។
ដូច្នេះគឺជាការអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអាចនិយាយបានថា នេះជាជីវិតទី៣របស់ប្រជាជនកម្ពុជា។ នៅក្នុងបណ្តាប្រទេសអាស៊ានកម្ពុជា ត្រូវបានគេចាត់ទុកថាលេខ១ ដែលបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាជនបានច្រើនជាងទេ ហើយនៅលើពិភពលោកជាប់លេខពីរ។ តែទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាកុំភ្លេចការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះ គឺនៅមានភាពកាចសាហាវ។
នៅក្នុងឱកាសនោះ អាជ្ញាធរឃុំពាមប្រធ្នោះ សូមសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី រួមទាំងក្រុមការងារទាំងអស់ដែលបានជួយដល់ដំណើរការអភិវឌ្ឍឃុំ ឲ្យមានការរីកចំរើន ហើយក៏បានអរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តលោក ខៀវ កាញារីទ្ធ ដែលបានចុះមកជួយ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ កាលពីពេលថ្មីកន្លងមកនេះ៕