Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ យាងដល់​ខេត្តសៀមរាប​ហើយ ដើម្បីធ្វើជាព្រះ​រាជអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជ​ពិធី បុណ្យច្រត់​ព្រះនង្គ័ល

23-05-2016 11:11

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានយាងដល់ខេត្តសៀមរាបហើយ ដើម្បីគង់​ប្រថាប់​ជាព្រះរាជ អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅថ្ងៃស្អែកនេះ។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News នៅខេត្តសៀមរាប បានឱ្យដឹងថា អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង រួមទាំងមន្រ្តីសំខាន់ មួយចំនួនទៀត បានកំពុងធ្វើបដិសណ្ឋាកិច្ច ចំពោះការយាងដល់របស់ព្រះមហាក្សត្រ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅលើលានជល់ដំរី ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ បើតាមការប្រកាសរបស់ អាជ្ញាធរខេត្ត សៀមរាប បានឱ្យដឹងថា នេះជាលើកទី២ហើយ (លើកទី១ នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យ ប្រពៃណីជាតិដ៏ធំនេះ នៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

សូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើល ប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕