(សៀមរាប)៖ កម្លាំងអាជ្ញាធរចម្រុះខេត្តសៀមរាប បានចុះឃាត់ខ្លួនបុរសម្នាក់ ពេលកំពុងឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។ ការឃាត់នេះធ្វើឡើងនៅវេលាម៉ោង ១០ព្រឹក នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចឃ្លាំងទឹកទំនប់៧៨។
យោងតាមអាជ្ញាធរខេត្ត បានឱ្យដឹងថា នៅចុះបង្ក្រាបទបល្មេីសនេះ ក្រុមការងារបានប្រទះឃើញជនសង្ស័យ ឈ្មោះ ឡាំង ថាន ប្រុសអាយុ២៩ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះឡាំង ធារី ភេទប្រុស កំពុងបើកត្រាក់ទ័រភ្ជួរឈូសឆាយដីព្រៃលិចទឹកនៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨។ ការឈូយឆាយនេះមានទំហំផ្ទៃដីព្រៃលិចទឹកដែលបានទ្រ្ទានមានទំហំ ១៣.៩១ហិកតា ដែលនេះជាករណីបទល្មើសជាក់ស្តែង ។
ជាមួយនឹងបទល្មេីសខាងលេី រដ្ឋបាលជលផលបានចាប់ឃាត់ត្រាក់ទ័រ និងអ្នកបើកបរត្រាក់ទ័រ ដេីម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ការទន្ទ្រាន ឬឈូសឆាយដីព្រៃលិចទឹកបន្តទៀត ដេីម្បីទុកជាជំរកត្រីពងក៏ដូចជាជីវៈចម្រុះផ្សេងៗទៀត៕