(ភ្នំពេញ)៖ គ្រួសារសពអតីតយុទ្ធជន (នគរបាលនិងយោធាចូលនិវត្តន៍៣គ្រួសារ) ក្នុងខណ្ឌទួលគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានទទួលសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាដើម្បីដោះស្រាយជីវភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានកិត្តិយសសមាគមខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ថ្លែងនាឱកាសនោះ លោក ជា ពិសី បានផ្តាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជន សូមកុំមានការអស់សង្ឃឹមឲ្យសោះ ដរ៉ាបណានៅតែមានសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រមុខដឹកនាំសមាគមអតីតយុទ្ធជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយត្រូវខិតខំកសាងកម្រិតជីវភាពគ្រួសារឱ្យបានល្អប្រសើរ តាមរយៈការបន្តប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ឋិតក្នុងក្ដីសង្ឃឹមជានិច្ច ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។
សូមជម្រាបថា សម្រាប់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានលោក ជា ពិសី និងមន្ត្រីក្រោមឱវាទ នាំយកមកឧបត្ថម្ភដល់ គ្រួសារសព (ឈ្មោះ សុឹម សំបូរ ភេទប្រុស ជានគរបាលចូលនិវត្តន៍-ឈ្មោះ កែវ ផែន ភេទប្រុស ជានគរបាលចូលនិវត្តន៍-ឈ្មោះ ន័យ សារុន ភេទប្រុស ជាយោធាចូលនិវត្តន៍) នៃសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នាពេលនេះគឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ម៉ាស់១ប្រអប់, ជែលលាងៃ១ដប និងថវិកា ៤,០០០,០០០រៀល៕