(ភ្នំពេញ)៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកៀរគរមូលនិធិសំខាន់ៗពីវិស័យឯកជន និងកាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់ការបោសសម្អាតមីន។
សកម្មភាពមីន មិនត្រឹមតែជាការបោសសម្អាតមីនឱ្យអស់ពីផ្ទៃដីដែលមានគ្រាប់មីននោះទេ។ សកម្មភាពមីន ផ្តោតការយកចិត្តទុកដាក់ដល់ប្រជាជន និងសង្គម រួមទាំងលទ្ធភាពនានាសម្រាប់ពួកគេក្នុងការទទួលបានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពរុងរឿង។
បច្ចុប្បន្ននេះ ប្រជាជនជិតមួយលាននាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមនឹងហានិភ័យ ខណៈពេលដែលពួកគេរស់នៅ និងប្រកបរបរ និងធ្វើការងារក្នុងតំបន់ដែលមានគ្រាប់មីន និងយុទ្ធភ័ណគ្រឿងផ្ទុះសល់ពីសង្គ្រាម ដែលនៅតែបន្តសម្លាប់មនុស្ស ធ្វើឱ្យរងរបួស និងធ្វើឱ្យសហគមន៍មានការភ័យខ្លាច។ ទាំងនេះបានរារាំងដល់ការអភិវឌ្ឍ និងការស្តារឡើង និងបង្កការរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ជនបទ។
ក្រោមការដឹកនាំរបស់ អាជ្ញាធរមីន - Cambodian Mine Action Authority (CMAA) ដែលត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងមូលនិធិសកម្មភាពមីន ការគាំទ្រនេះនឹងពន្លឿនកិច្ចការរួមនៃការកសាងសន្តិភាព ការអភិវឌ្ឍ និងការងារមនុស្សធម៌ ដែលធានាដល់សុខមាលភាពផ្លូវចិត្ត ស្ថេរភាពសេដ្ឋកិច្ច និងសង្គម និងផ្តល់ផ្ទៃដីសុវត្ថិភាពដល់សហគមន៍សម្រាប់ប្រើប្រាស់។ ជាលទ្ធផល វានឹងបង្កើតជាមារគាសម្រាប់កិច្ចការស្តារឡើងវិញដែលផ្តល់ជាប្រយោជន៍ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម។
UNDP បានត្រៀមខ្លួនបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងអជ្ញាធរមីន។ UNDP ចង់ឃើញសមិទ្ធផលដ៏ធំធេងក្នុងសកម្មភាពមីននេះ ដោយសង្ឃឹមថានឹងមានការចែករំលែកការអនុវត្តល្អៗទាំងនេះ ក្នុងអំឡុងពេលនេះការប្រារព្ធខួប៣០ឆ្នាំនៃសកម្មភាពមីន នៅកម្ពុជា និងក្នុងព្រឹត្តិការណ៍សកល និងថ្នាក់តំបន់នានាដែលបានគ្រោងទុកសម្រាប់សកម្មភាពមីនក្នុងឆ្នាំនេះ។
UNDP ជំរុញឱ្យមានការបន្តចូលរួមចំណែកពីដៃគអភិវឌ្ឍន៍នានា និងវិស័យឯកជនក្នុងការអភិវឌ្ឍជាតិ ដើម្បីសម្រេចបានគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ របៀបវារៈឆ្នាំ២០៣០ និងការដែលមិនមាននរណាម្នាក់ត្រូវបានគេទុកចោល។
សូមជម្រាបថា តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានសប្បុរសជនបានប្រកាសបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
គិតត្រឹមម៉ោង១៖១៥នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ មានសប្បុរសជននានា បានចូលបរិច្ចាគថវិកាផ្ទាល់ មានចំនួន ១១លាន ៩៥ម៉ឺនដុល្លារ៕