(ឥណ្ឌា)៖ លោក Tim Cook នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ដា លោក Narendra Modi នៅថ្ងៃអាទិត្យម្សិលមិញនេះ ទៅលើចក្ខុវិស័យធំៗជាច្រើនសម្រាប់អនាគតដ៏ខ្លីខាងមុខ។
លោក Cook បានប្រកាសឲ្យដឹងនៅក្នុងជំនួបនោះថា ឥណ្ឌា នឹងក្លាយជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២របស់ខ្លួន នៅក្នុងពេលដ៏ឆាប់ខាងមុននេះ ហើយលោកសន្យាថា ក្រុមហ៊ុន Apple នឹងសហការជាមួយរដ្ឋាភិបាលឥណ្ឌាឲ្យបានល្អបំផុត ដើម្បីឲ្យពលរដ្ឋឥណ្ឌា រស់នៅដោយភាពងាយស្រួលជាមួយនឹងបច្ចេកវិទ្យា Apple។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone 5S គឺជាស្មាតហ្វូនរបស់ Apple ដែលលក់ដាច់ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ស្មើនឹង ៥០ភាគរយនៃស្មាតហ្វូនទាំងអស់ដែលបានលក់។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Foxconn ជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឥណ្ឌា បង្កើតរោងចក្រដ៏ធំមួយនៅលើទឹកដីឥណ្ឌា ដើម្បីផលិតនូវផលិតផលរបស់ក្រុមហ៊ុន Apple៕