(ភ្នំពេញ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមនឹងក្រុមការងារបាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងព្រមទាំងបច្ច័យទៅវេប្រគេនព្រះសង្ឃគង់វត្តចំនួន ៦១វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ឆ្នាំនេះតាមប្រតិទិនបានឲ្យដឹងថាពិធីបុណ្យចូលព្រះវស្សានៅថ្ងៃ១រោជ ខែអាសាឍ ឆ្នាំខាលចត្វាស័កព,ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២២។ ពិធីបុណ្យនេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។
នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា គ្រឿងបរិក្ខា និង បច្ច័យទៅប្រគេនព្រះសង្ឃ តាមបណ្ដាវត្តក្នុងស្រុកសន្ទុក ខេត្តកំពង់ធំនោះលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានគោរពបិណ្ឌបាត្រដល់ព្រះសង្ឃតាមវត្តនីមួយៗឲ្យបន្តជួយបណ្ដុះបណ្ដាលព្រះសង្ឃ និងគ្រប់គ្រងព្រះសង្ឃឲ្យបានល្អ ដើម្បីឲ្យព្រះសង្ឃទទួលបានចំណេះទាំងផ្នែកពុទ្ធចក្រ និងចំណេះទូទៅ។
ជាមួយនេះដែលក៏ត្រូវរៀបចំវត្តអារាម ឲ្យមានរបៀបរៀបរយ ក្នុងនោះរួមទាំងការធ្វើអនាម័យ ដើម្បីឲ្យតាមវត្តអារាមមានបរិស្ថានល្អ និងត្រូវបន្តអនុវត្តវិធានការសុខាភិបាល៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន ទោះបីបច្ចុប្បន្ននេះកម្ពុជាគ្រប់គ្រងបានល្អ ចំពោះជំងឺកូវី១៩តាមយ:ការប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាជន ពីរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែនយ៉ាងណាក៏ដោយ។
ជារួមត្រូវការការពារចំពោះជំងឺកូវីដ១៩ បន្តថែមទៀតព្រោះវាមិនទាន់រលាយអស់ពីពិភពលោកយើងនៅឡើយទេ។
លោកស្រីបានបញ្ជាក់ មនុស្សគ្រប់រូបៗត្រូវការជាចាំបាច់នូវសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដោយមិនអាចអត់សេចក្ដីសុខមួយណាបានឡើយ ការស្វែងរកសេចក្ដីសុខសម្រាប់មនុស្សម្នាក់ៗ គឺមានការលំបាកណាស់ប្រសិនណាយើងមិនមានការជឿជាក់ និងមានសេចក្ដីស្ងប់ក្នុងចិត្តនិងស្គាល់ពីតម្លៃពិតនៃសេចក្ដីសុខនោះទេក៏មិនទទួលបានសេចក្ដីសុខមកជាក់ខ្លួនបានដែរ។
លោកស្រីបានសូមណូមពរ ដល់ព្រះសង្ឃត្រូវពង្រឹងការប្រតិបត្តិធ៌មវិន័យ និងតាមតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់ល្អប្រសើរសក្តិសមស្របទៅនឹងការលើកស្ទួយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានចាត់ទុកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
លោកស្រី ខៀវ ស៊ីណា ជា ចាន់តូក៏បានឧទ្ទិសបុណ្យកុសលដែលកើតចេញពី សុទ្ធាជ្រះថ្លានាថ្ងៃនេះមួយចំណែកជូនបុព្វការីជន និងមួយចំណែកទៀត ជូនដល់ដួងវិញ្ញាណក្ខ័នសម្ដេចធម្មពោធិសាលជា ស៊ីម និងវិរៈយុទ្ធជនស្នេហាជាតិគ្រប់ៗរូបដែលបានលះបង់ជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិផងដែរ។
ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បរិក្ខា និងបច្ច័យដែលបានវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តទាំង៦១ ក្នុងស្រុកសន្ទុកក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា១គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និងបច្ច័យ គិតជាទឹកប្រាក់សរុបចំនួនជាង១២៤លាន៧៨ម៉ឺនរៀល។
ជាមួយនេះលោកស្រីក៏បានចែកជូនថវិកា ដល់លោកយាយលោកតា និងលោកតាអាចារ្យផងដែរ៕