(សៀមរាប)៖ ពលរដ្ឋនៅក្នុងភូមិតាគង់ សង្លាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នងពីសប្បុរជននៅសហរដ្ឋអាមេរិក តាមរយៈសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តសៀមរាប។
ក្នុងពិធីប្រគល់ផ្ទះ ធ្វើឡើងនាថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ លោក ស្រេន សុព្រី ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព សុវត្ថិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ទើបធ្វើឲ្យសប្បុរជនមានការទុកចិត្ត ហើយបានផ្តល់ជំនួយជាបន្តបន្ទាប់ តាមរយៈសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តសៀមរាប តួរយ៉ាងដូចជាពេលនេះជាដើម។
ផ្ទះដែលសប្បុរសជនផ្តល់ជូនពលរដ្ឋខ្វះខាតនៅក្រុងសៀមរាបនៅពេលនេះ មានទំហំបណ្តោយ០៦ម៉ែត្រ ទទឹង០៤ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី បាតក្រាលការ៉ូជាប្រភេទ(ផ្ទះតៀម) និងចំណាយថវិការជិត៣ពាន់ដុល្លារ។
ជាមួយគ្នានោះ លោក ស្រេន សុព្រី ក៏បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគម។ ហើយលោកក៏បានថ្លែងអំណរគុណដល់សប្បុរជន ដែលតែងតែជួយមកដល់ពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។
សូមបញ្ជាក់ផងដែរ នេះផ្ទះទី៣ហើយ ដែលសប្បុរជនជួយមកតាមរយៈសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តសៀមរាប ដោយផ្ទះទី១នៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ទី២នៅសង្កាត់អង្គរធំ ស្រុកអង្គរធំ និងទី៣ នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប៕