(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី បានលែងកូនត្រី និងកូនកន្ធាយ ចូលទៅក្នុងបឹងឈូក ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា។
ក្នុងពិធីប្រលែងកូនត្រី និងកូនកន្ធាយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ដោយមានការសហការ និងចូលរួមបដិភាគថវិកាពីសហគមន៍ទេសចរណ៍បឹងឈូក រដ្ឋបាលស្រុកបន្ទាយស្រីបានរៀបចំឱ្យមានកម្មវិធីលែងពូជកូនត្រីធម្មជាតិទាំងនេះទៅក្នុងបឹងឈូក ដែលជាបឹងធម្មជាតិមិនចេះរីងស្ងួត មានទឹកថ្លាស្អាតគ្មានការបំពុលបរិស្ថាន និងជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយនៅក្នុងស្រុកបន្ទាយស្រី។ កាលពី២ឆ្នាំមុន រដ្ឋបាលស្រុកក៏ធ្លាប់បានរៀបចំកម្មវិធីប្រហាក់ប្រហែលគ្នានៅទីនេះដែរ ដោយបានលែងកូនត្រីចំនួន២ម៉ឺនក្បាល។
លោក ឃឹម ហ្វីណង់ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ធ្លាប់តែទទួលបានផលពីបឹង ថ្ងៃនេះបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីនៅក្នុងតំបន់បឹងឈូក»។
សូមបញ្ជាក់ផងដែរ ពិធីលែងកូនត្រីធម្មជាតិមាន ត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្ពិនចំនួន ១២,០០០ក្បាល និងកូនកន្ធាយចំនួន៥០០ក្បាល៕