(ភ្នំពេញ)៖ បើនិយាយអត្ថបទព័ត៌មាន Lead មានច្រើនប្រភេទ ហើយជាផ្នែកដែលសំខាន់បំផុតរបស់អត្ថបទ។ ក្នុងវគ្គសិក្សាលើកទី៣ របស់ FTC នៅសប្តាហ៍ទី៤នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានបង្ហាញអំពីចំណុចផ្សេងគ្នារវាង Summary Lead និង Single-item Lead។
បើតាមប្រធានមជ្ឈមណ្ឌល FTC, Summary Lead គឺជាតម្រុយសាមញ្ញធម្មតាបំផុត និងជារបៀបប្រពៃណីរបស់អ្នកកាសែតទូទៅ។ យ៉ាងណាមិញ Summary Lead នេះ ត្រូវបានផ្លាស់ប្ដូរទៅតាមតម្លៃនៃ 5Wh’s ហើយក៏ជាការបូកបញ្ចូលគ្នានូវតម្រុយ ដែលមានទាំង 5W’s និង How បន្ថែមទៀត។ ចំណុចពិសេសនៃ Summary Lead គឺអាចធ្វើឲ្យអ្នកអាន អាចដឹងអំពីខ្លឹមសារនៃព័ត៌មានទាំងស្រុង នៅក្នុង Lead ដោយមិនចាំបាច់អានអត្ថបទដល់ចប់។
ខណៈដែល Single-item Lead គឺជាតម្រុយដែលផ្ដុំឡើងលើតម្លៃមួយ ឬ ២របស់ 5W’s ដែលមានបំណងក្ដោបយកចំនុចសំខាន់ ឬវាយឲ្យចំ ចំណុចសំខាន់នៃសាច់រឿងតែម្ដង ដែលនាំឲ្យមានការទាក់ទាញចំណាប់អារម្មណ៍អ្នកអានកាន់តែខ្លាំង។ សម្រាប់ព័ត៌មានបន្ទាប់ផ្សេងទៀតនៃសាច់រឿងគឺត្រូវបានយកមកបង្ហាញនៅក្នុងតួសេចក្ដី ឬហៅថា Body នៃព័ត៌មានតាមក្រោយ។
ជាការកត់សម្គាល់នៅក្នុងម៉ោងសិក្សាមានការចាប់អារម្មណ៍ និងជជែកសួរដេញដោលពីសំណាក់សិក្ខាកាមយ៉ាងច្រើន ដែលនាំឲ្យសកម្មភាពនៅក្នុងថ្នាក់រស់រវើក និងគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំង ព្រមជាមួយនឹងការបកស្រាយពីគ្រូបង្គោល ដែលប្រកបទៅដោយវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា នេះគឺជាការបណ្ដុះបណ្ដាលវគ្គ៣ របស់ថ្នាក់សិក្សាព័ត៌មាន Fresh News (FTC)។ ក្រោយពីបានបញ្ចប់យ៉ាងជោគជ័យលើការបណ្ដុះបណ្ដាលចំនួន២ថ្នាក់ នាពេលកន្លងមក។
FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News និងមានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។
លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា និងចុះឈ្មោះសូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334