(កំពង់ធំ)៖ លោក ឈឹម ច័ន្ទកុសល និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង តំណាងលោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ បានដង្ហែទៀនវស្សាវេរប្រគេនព្រះសង្ឃទាំង៤៧វត្ត ក្នុងស្រុកស្ទោង ដែលត្រៀមចាំគង់ព្រះវស្សាត្រីមាស ចាប់ពីថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស-២៥៦៦ នេះតទៅ។
លោក ឈឹម ច័ន្ទកុសល បានលើកឡើងថា ការដង្ហែទៀនវស្សារបស់លោកបណ្ឌិតជា ចាន់តូ និងលោកស្រីព្រមទាំងក្រុមគ្រួសារនៅពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់លោកក្នុងការបូជាព្រះពុទ្ធសាសនា ក្នុងនាមពុទ្ធសានូបត្ថម្ភដ៏ឆ្នើម ក៏ដូចជា ការសន្សំបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិដ៏វែងឆ្ងាយផង និងជាកាផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រផង និងជាការចូលរួមសាមគ្គីជាមួយបង ប្អូន ប្រជាពលរដ្ឋ ពុទ្ធសានិកក្នុងមូលដ្ឋានផងដែរ។
ជាមួយនេះលោក សាយ គឹមឡម បាននិមន្ត និងសំណូមពរដល់ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុកស្ទោង ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួន ហើយលោកក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភូមិ ឃុំទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអ្មកចាក់វ៉ាក់សាំងឱ្យបាមជាក់លាក់ និងឆាប់រហ័សបំផុត ដើម្បីរដ្ឋបាលស្រុកស្ទោង និងគ្រប់អ្នកពាក់ព័ន្ធបន្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនគាត់តាមភាពជាក់ស្តែង។
គួបញ្ជាក់ថា វត្តទាំង៤៧ ក្នុងស្រុកស្ទោង គឹក្នុងមួយវត្តៗទទួលបាននូវទៀនវស្សាមួយគូបច្ច័យ ២២០,០០០រៀល, អង្ករ១០០គីឡូក្រាម ព្រមទាំងគ្រឿងទេយ្យទាន និងឧបភោគបរិភោគមួយចំនួនធំទៀត៕