អភិបាលស្រុកកំពង់លែង សាងផ្នួស៥ថ្ងៃ ដើម្បីសងគុណមាតា បិតា និងបិណ្ឌបាតបច្ច័យកសាងព្រះពុទ្ធបដិមាធំមួយអង្គមានកម្ពស់៩ម៉ែត្រ នៅច្រកភ្នំបាក់ដាវ ចន្លោះភ្នំនាងកង្រី
02-07-2022 12:40
(កំពង់ឆ្នាំង)៖ លោក ញ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសុំច្បាប់ចំនួន៥ថ្ងៃ ដើម្បីសាងផ្នួសក្នុងព្រះពុទ្ធសាសនារ ដើម្បីសងគុណមាតា បិតា និងបិណ្ឌបាតបច្ច័យកសាងព្រះពុទ្ធបដិមាធំមួយ អង្គដែលមានកម្ពស់៩ម៉ែត្រ នៅច្រកភ្នំបាក់ដាវ ចន្លោះភ្នំនាងកង្រី ដែលមានតម្លៃប្រមាណ៣ម៉ឺនដុល្លារ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ភិក្ខុ ញ៉ែម លក្ខិណា មានសង្ឃដីកាថា បន្ថែមពីការសាងផ្នួសមួយសប្តាហ៍នេះ គឺព្រះអង្គចងសងគុណប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំពង់លែង ផងដែរ។
មន្ត្រីសាលាស្រុកកំពង់លែង បានបញ្ជាក់ថា លោក ញ៉ែម លក្ខិណា បានបួសតាមគន្លងព្រះពុទ្ធសាសនា នៅក្នុងវត្តស្វាយរំពារ ដោយមានការចូលរួមពីក្រុមគ្រួសារពុទ្ធបរិស័ទ និងមន្ត្រីរាជការជាច្រើនរយនាក់។
លោក យ៉ែម លក្ខិណា បច្ចុប្បន្នបានក្លាយជាព្រះភិក្ខុសង្ឃ នៅពេលបានសាងភ្នួសជាសង្ឃហើយនោះ បានមានថេរៈដីកាថា ព្រះអង្គសូមឧទ្ទិសកុសលផលបុណ្យរបស់លោកក្នុងការសាងផ្នួសនេះ ប្រគេនពរដល់អ្នកមានគុណទាំងបួន ព្រមទាំងញាតិកាទាំង៧សន្តាន និងសូមប្រគេនពរដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកកំពង់លែង ដែលបានបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនស្រុកកំពង់លែង។
មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ដែលបានចូលរួមក្នុងពិធីបុណ្យបំបួសខាងលើនេះបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះភិក្ខុ ញ៉ែម លក្ខិណា និងសុំឱ្យបុណ្យកុសលក្នុងការសាងព្រះភ្នួសនេះ សូមព្រះអង្គបានសម្រេចដូចព្រះទ័យប៉ងប្រាថ្នា ពិសេសគឺការអភិវឌ្ឍក្នុងស្រុកកំពង់លែង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅពេលដែលព្រះអង្គលាចាកសិក្ខាបទវិញ៕