(ព្រះវិហារ)៖ ស្ដ្រីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចាប់ខ្លួនក្រោមការសម្របសម្រួល និងដឹកនាំនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រោយពីស្ដ្រីរូបនេះបានបង្កើនគណនីតេឡេក្រាមក្លែងក្លាយ ប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ដើម្បីគំរាមកំហែងយកប្រាក់គេ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
លោក វុធ សាវី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះថា ក្រោមការណែនាំ និងចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ចាន់រ៉ា អាយុ២៣ឆ្នាំ រស់នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោកបានបន្ដថា តាមចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា ខ្លួនពិតជាបានយករូបថត និងឈ្មោះមន្ត្រីធំៗមួយចំនួនទៅបង្កើតអាខោនហ្វេកប៊ុក តេឡេក្រាម ក្លែងក្លាយពិតប្រាកដមែន ហើយក្នុងនោះក៏មានរូបថត និងឈ្មោះរបស់លោកក៏ត្រូវស្ត្រីរូបនេះយកទៅបង្កើតអាខោនក្លែងក្លាយផងដែរ និងបានកំហែងយកប្រាក់គំរាមសម្លុតឲ្យដាក់ពាក្យបណ្តឹង ដកពាក្យបណ្តឹង ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះជាច្រើននាក់នៅក្រុងព្រះវិហារ។
មូលហេតុដែលខ្លួនហ៊ានបង្កើតអាខោនក្លែងក្លាយ យកឈ្មោះនិងរូបថតមន្ត្រីធំៗ ដោយសារខ្លួនមានជំពាក់បំណុលគេជាង១មុឺនដុល្លា។ ប៉ុន្តែចាប់តាំងពីបង្កើតអាខោនក្លែងក្លាយយកឈ្មោះ និងរូបថតមន្ត្រីធំៗយកមកប្រើ មានអ្នកឆាតពឹងពាក់ច្រើនណាស់ពិសេសលើរឿងក្តីក្តាំនៅតុលាការ ដែលជាហេតុធ្វើឲ្យខ្លួនមានឱកាសបង្គាប់បញ្ជា សម្លុត គំរាមកំហែងឲ្យជនរងគ្រោះវេប្រាក់មកឲ្យខ្លួនបាន។ ប៉ុន្តែចុងក្រោយត្រូវអស់ល័ក្ខដោយសារមានជនរងគ្រោះម្នាក់ មកប្តឹងដោយសារចាញ់បោកស្ត្រីរូបនេះអស់ប្រាក់១២,០០០ដុល្លារ។
លោក វុធ សាវី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ បើមានអ្នកណាយករូបថត និងឈ្មោះរបស់លោក ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួនទៅបង្កើតហ្វេកប៊ុក តេឡេក្រាម ក្លែងក្លាយ ដើម្បីសម្លុត គំរាមកំហែងយកប្រាក់ សូមដាក់ពាក្យប្តឹងមកលោកនឹងចាត់ការទៅតាមច្បាប់ ពិសេសមុនជឿជាក់លើបុគ្គលណាមួយត្រូវសិក្សាឲ្យបានច្បាស់លាស់ ត្រូវទៅជួបដោយផ្ទាល់ ជៀសវាងចាញ់បោកគេដូចក្នុងករណីនេះ៕