(កំពង់ចាម)៖ ដីស្រែរេចរឹលដ៏ធំល្វឹងល្វើយជាង ១ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងជាប់ព្រំប្រទល់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ប្រើប្រាស់គ្រឿងចក្រទំនើបៗខ្នាតយក្ស ដើម្បីស្តារដីឡើងវិញ ធ្វើការអភិវឌ្ឍន៍តំបន់នោះ ឲ្យក្លាយទៅជាតំបន់កសិកម្ម ដំណាំស្រូវក្រអូបធម្មជាតិ ពណ៌បៃតងគ្រប់រដូវ។
ជាមួយគ្នានេះ ក៏ដើម្បីឲ្យស្របទៅតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលលើកស្ទួយវិស័យកសិកម្ម ជាគោលដៅអាទិភាព ជាពិសេស ជាការចូលរួមសម្រេច គម្រោងនៃការនាំស្រូវអង្ករកម្ពុជា ទៅកាន់ទៅទីផ្សារក្រៅស្រុក ឲ្យបាន១លានតោនក្នុង១ឆ្នាំនោះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានចាប់ផ្តើមចុះអនុវត្តគម្រោង ជាជំហានទី២របស់ខ្លួន ដោយបបានសម្រេចបញ្ជូនគ្រឿងចក្រ កសិកម្មជាច្រើនគ្រឿង ដើម្បីកែប្រែតំបន់ដីហួតហែង ដែលមានទំហំប្រមាណជាង១ម៉ឺនហិកតា ដែលជាដីស្ថិតនៅជាប់ព្រំប្រទល់ ខេត្តចំនួន៣ រួមមាន កំពង់ចាម កំពង់ធំ និងខេត្តកំពង់ឆ្នាំង ឲ្យក្លាយទៅតំបន់អភិវឌ្ឍន៍ដាំដុះ ដំណាំស្រូវធម្មជាតិសម្រាប់ នាំចេញអង្ករទៅទីផ្សារអន្តរជាតិ និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដើម្បីឲ្យបងប្អូនប្រជាកសិករ នៅក្បែរនោះ បានអាស្រ័យផលផងដែរ។
លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានចុះមកសិក្សានៅតំបន់នេះ ដំបូងប្រជាពលរដ្ឋធ្វើបានតែស្រែវស្សា ហើយស្រែវស្សានោះ គឺពឹងផ្អែកលើទឹកភ្លៀង គឺធ្វើស្រែប្រវ៉ាស់មេឃ បើមានភ្លៀងច្រើន កសិករទទួលបានផល បើគ្មានភ្លៀងមិនទទួលបានផល។ ហេតុនេះទើបក្រុមហ៊ុន ប្រមូលទិញដីពីប្រជាពលរដ្ឋ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍តំបន់នេះ ឲ្យក្លាយទៅជាតំបន់កសិកម្មទំនើប ពីតំបន់អត់មានទឹកក្លាយជា តំបន់មានទឹកបរិបូរណ៍ ហើយបន្តចែកចាយ ជូនប្រជាពលរដ្ឋ នៅតំបន់ជុំវិញគម្រោង អភិវឌ្ឍន៍នេះ ប្រើប្រាស់ថែមទៀត។
លោកឧកញ៉ាបន្តថា ក្រុមហ៊ុនរបស់លោកចាប់ផ្តើមស្តារដី ពីទួលពោធិ៍ល្ង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយប្រើគ្រឿងយន្តទំនើបៗ ធុនធំ ភ្ជួរស្តារដីឡើងវិញ ដោយត្រឡប់ដីខាងលើឲ្យចុះក្រោម ហើយគាស់ដីពីក្រោមឡើងលើវិញ ដើម្បីឲ្យដីមានសក្ដានុពលខ្ពស់ បង្កបង្កើនផលស្រូវបានល្អ និងបានយកបទពិសោធន៍ពី គម្រោងកសិកម្មដំណាំស្រូវធម្មជាតិទី១ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មកអនុវត្តនៅតំបន់ថ្មីនេះ។
លោកឧកញ៉ា ឌី ប៉ូ បន្តថា ចំពោះបញ្ហាប្រភពទឹក លោកគ្រោងសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្តារព្រែក រៀបចំប្រព័ន្ធធារាសាស្ត្រ ដោយមានប្រភពពីរ គឺយកទឹកពីទំនប់៦មករា ដែលមានចម្ងាយពីតំបន់អភិវឌ្ឍន៍នេះ ៧០គីឡូម៉ែត្រ ហើយមានផលប៉ះពាល់ច្រើន និងប្រភពទឹកមួយទៀត គឺជីកព្រែក ពីទន្លេយកមកទីនេះជិតហើយមានផល ប៉ះពាល់តិច។ ប្រភពទឹកទាំង២កន្លែងនេះ ក្រុមហ៊ុនអាចធ្វើបានលុះត្រាតែ មានការគាំទ្រពេញទំហឹង ពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេស សម្តេចតេជោ ហ៊ុន សែន ។
លោកឧកញ៉ា ហ៊ានបញ្ជាក់យ៉ាងច្បាស់ថា សូមសម្តេចតេជោ ហ៊ុន សែន សង្ឃឹមជឿជាក់លើក្រុមហ៊ុនរបស់លោកដោយនាំយក បទពិសោធន៍ ដែលទទួលបានជោគជ័យ នូវគម្រោងកសិកម្មទី១ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលមកធ្វើនៅ គម្រោងទី២ នៅស្រុកបាធាយ ខេត្តកំពង់ចាមនេះ ហើយនឹងមិនធ្វើឲ្យសម្តេច រួមទាំងស្ថាប័នពាក់ព័ន្ធខកបំណងឡើយ។
ដោយឡែក លោក តាំង សុខឃី ជំនួយការផ្ទាល់លោកឧកញ៉ា ឌី ប៉ូ និងជាអ្នកចាត់ចែងទូទៅក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ បានឲ្យដឹងថា សម្រាប់ការចុះអនុវត្ត និងអភិវឌ្ឍន៍ លើផ្ទៃដីដែលមានវិសាលភាព ប្រមាណជាង១ម៉ឺនហិកតានេះគឺជាគម្រោងទី២ របស់ក្រុមហ៊ុន ខណៈដែលគម្រោងលើកដំបូង បានធ្វើឡើងនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ប្រកបដោយភាពជោគជ័យជាច្រើនឆ្នាំ រួចមកហើយនោះ។ គម្រោងទី២នេះ យើងបានសិក្សាអំពីស្ថានភាពផ្ទៃដី ក៏ដូចជាផលប៉ះពាល់រួចរាល់អស់ហើយ ហើយចំពោះដី ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ របស់យើង ក្រុមហ៊ុនក៏បានទិញពីប្រជាពលរដ្ឋ យ៉ាងត្រឹមត្រូវស្របច្បាប់ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ឃុំ-ស្រុក និងរហូតដល់ថ្នាក់ខេត្តផងដែរ។
លោកបន្តឲ្យដឹងទៀតថា ជាភាពជាក់ស្ដែងពេលនេះ យើងកំពុងតែកែប្រែស្ថានភាពដី ក្នុងជំហានដំបូងទៅលើផ្ទៃដីត្រឹមជាង ៤ពាន់ហិកតា ដោយត្រូវបែងចែកចេញជាដំណាក់កាលៗ ដូចជាការភ្ជួរដី ការស្តារប្រឡាយមេ បង្កើតប្រព័ន្ធធារាសាស្រ្ត សម្រាប់អនុគ្រោះ ដល់ដំណាំស្រូវជាដើម ខណៈដែលក្រុមហ៊ុន នឹងបន្តពង្រីកការវិនិយោគ ដំណាំស្រូវនេះជាច្រើនម៉ឺនហិកតា បន្ថែមទៀត តាមដំណាក់កាលនីមួយៗ។ ដោយឡែកសម្រាប់រូបមន្តនៃការអនុវត្ត ត្រូវបានធ្វើឡើងតាមបទពិសោធន៍ចាស់ នៃគម្រោងទី១ ដែលស្ថិតនៅឃុំកំពង់អុស ហើយប្រជាកសិករ ដែលស្ថិតនៅជិតតំបន់អភិវឌ្ឍន៍នេះ នឹងទទួលបានប្រយោជន៍ យ៉ាងច្រើន ពីគម្រោងកសិកកម្ម ដូចជាទទួលបានទឹកសម្រាប់ធ្វើស្រែ ផ្លូវដឹកជញ្ជូន ការផ្តល់ពូជស្រូវ ការប្រមូលទិញស្រូវ ពីពលរដ្ឋ និងការផ្តល់បទពិសោធន៍ រួមជាមួយនឹងការជួយផ្នែកបច្ចេកទេស លើការបង្កបង្កើនផលមួយចំនួនទៀត ។
លោក តាំង សុខឃី បានឱ្យដឹងថែមទៀតថា ក្នុងដំណើរការធ្វើស្រែ ដើម្បីទទួលបានទិន្នផលខ្ពស់ ក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ ព្រមទាំង ប្រើប្រាស់ឧបករណ៍កសិកម្មទំនើបៗ ដូចជាម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស៊ីច្រូតស្រូវ រួមនឹងគ្រឿងចក្រជាច្រើនទៀត។ ក្រៅពីគ្រឿងចក្រទាំងនេះ ក្រុមហ៊ុនក៏មានតម្លើងម៉ាស៊ីន សម្ងួតស្រូវ ដែលមានសម្ថភាពខ្ពស់ ដើម្បីជួយជុំរុញសមត្ថភាពនៃការផលិត ស្រូវក៏ដូចជាធ្វើឲ្យទិន្នផលដែលទទួលបាន មានស្តង់ដារអន្តរជាតិ អាចប្រកួតប្រជែងជាមួយប្រទេសដទៃបាន ជាពិសេសគឺ ពូជស្រូវក្រអូប។ សម្រាប់ជំហានបន្ទាប់ ក្រុមហ៊ុននឹងបង្កើនលទ្ធិភាព ផលិតឲ្យឱ្យពេញបន្ទុក ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្រ ស្រូវអង្កររបស់រាជរដ្ឋាភិបាល និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេស គឺការចូលរួមលើកស្ទួយ ជីវភាពប្រជាពលរដ្ឋ។
ដោយឡែក លោក ឡោ ចាន់លី អភិបាលស្រុកបាធាយ បានស្វាគមន៍ និងបានបញ្ជាក់ពីស្ថានភាពទូទៅ នៅក្នុងស្រុកថាប្រជាកសិក នៅក្នុងស្រុកបាធាយ គឺប្រកបរបរកសិកម្ម ប្រមាណ៨០% ដោយពឹងផ្អែកលើធម្មជាតិទាំងស្រុង និងមានផ្ទៃដីមួយចំនួនទុកចោល ដោយសារតែពុំមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ប៉ុន្តែពេលនេះ ក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍ ដែលមានលោកឧកញ៉ា ឌី ប៉ូ ជាអគ្គនាយក បានមកអភិវឌ្ឍដំណាំស្រូវ គឺចំគោលដៅក្នុងតំបន់នេះតែម្ដង ហើយបើតាមរបាយការណ៍ការឲ្យដឹង គឺក្នុងគម្រោងអភិវឌ្ឍដំណាំស្រូវ រហូតប្រមាណជា៨ម៉ឺនហិចតា។
លោកបន្តទៀតថា លោកសូមកោតសរសើរ ចំពោះក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ ដែលមានបទពិសោធន៍ខាងដំណាំស្រូវនិងបានចុះមក អភិវឌ្ឍផ្ទាល់ ជាមួយប្រជាកសិករ ហើយបានដាក់ទុនជាច្រើនលានដុល្លារ មកអភិវឌ្ឍតំបន់នេះ ។ ការមកអភិវឌ្ឍវិស័យកសិកម្ម ពីសំណាក់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ នៅពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ មានភាពរីកចម្រើនទទួលបានចំណេះដឹង បន្ថែម លើការសាបព្រួសស្រូវ ការដាំដុះ វិធីថែទាំ ដើម្បីបានទិន្នផលខ្ពស់ និងមានប្រព័ន្ធធារាសាស្ត្រ គ្រប់គ្រាន់សម្រាប់ស្រោចស្រព ដីស្រែរបស់បងប្អូនប្រជាកសិករ នៅក្បែរនេះផងដែរ ៕