(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធជួយណែនាំផ្សព្វផ្សាយបំផុសស្មារតីមហាជនជាពិសេស គឺស្រទាប់យុវ័យ ធ្វើយ៉ាងប្រជាពលរដ្ឋមានភាពភ័យខ្លាចកាន់តែខ្លាំងឡើងៗ ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រើប្រាស់បារីអេឡិចត្រូនិច ឬ (Vape)។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ លោកអភិបាលខេត្ត ក៏បានបន្ថែមទៀតថា អាវុធដែលសំខាន់ជាងគេ គឺប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញសង្គមនានា។ លោកស្នើឲ្យមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុទាំងអស់លើកឡើងនូវចំណុចប៉ះពាល់ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។ ចំណុចប៉ះពាល់ទាំងនោះ មានដូចជា ធ្វើឲ្យអ្នកប្រើប្រាស់ឆាប់ចុះខ្សោយប្រព័ន្ធការគិត ខូចខួក្បាល គ្មានភាពវៃឆ្លាត ធ្វើឲ្យខូចសួតជាដើម។
លោកអភិបាលខេត្ត បានចាត់វិធានការ ឲ្យអាជ្ញាធរចុះធ្វើការណែនាំ ដូចដែលក្រសួងសុខាភិបាលបានធ្វើការប្រកាស និងផ្សព្វផ្សាយដល់អាជីវករ រួចដកហូតនូវអាជីវករណាដែលមានលក់បារីអេឡិចត្រូនិច (Vape) និងមិនឲ្យមានការទិញលក់ដូរបន្តទៀត ចាប់ពីថ្ងៃចាត់វិធានការនេះតទៅ។
លោក គួច ចំរើន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បារីនេះ បង្វែរពីការយកលុយ និងពេលវេលាដ៏មានតម្លៃ អានសៀវភៅ ទិញសៀវភៅអប់រំ ទិញម្ហូបចំណីណាជួយដល់សុខភាពជារឿងប្រសើរដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕