(វ៉ាស៊ីនតោន)៖ ដោយដកស្រង់សម្តីមេធាវី ការសែត WSJ បានឲ្យដឹងថា លោក Julian Assange ដែលជាស្ថាបនិកវេបសាយទម្លាយការណ៍សម្ងាត់ វីគីលីគ (WikiLeaks) សម្រេចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តធ្វើបត្យាប័នរូបលោក ទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីមហាផ្ទៃចក្រភពអង់គ្លេស លោកស្រី ភ្រីទី ផាទែល (Priti Patel) កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនាកន្លងទៅ បានផ្តល់ការយល់ព្រមចំពោះ សំណើធ្វើបត្យាប័នស្ថាបនិកវែបសាយទម្លាយការណ៍សម្ងាត់ វីគីលីគ (WikiLeaks) គឺលោក ជូលៀន អាសាង (Julian Assange) ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខការកាត់ទោសនៅទីនោះ។
លោក Julian Assange ត្រូវអាជ្ញាធរអាមេរិកព្យាយាមចាប់ខ្លួន ពីបទល្មើសចំនួន១៨ករណី ដោយក្នុងនោះរួមមានទាំងបទចារកម្ម ដែលពាក់ព័ន្ធទៅនឹងការបញ្ចេញកំណត់ត្រាយោធា ព្រមទាំងសារឆ្លើយឆ្លងការទូតសម្ងាត់ៗជាច្រើន ដោយវែបសាយ WikiLeaks ដែលពួកគេអះអាងថា ទង្វើបែបនោះ បានធ្វើឱ្យជីវិតមនុស្សស្ថិតក្រោមគ្រោះថ្នាក់។
ដោយឡែក ក្រុមអ្នកគាំទ្ររបស់លោក Assange វិញ បានចាត់ទុករូបលោក គឺជាវីរៈបុរសម្នាក់ ដែលត្រូវបានគេតាមប៉ងព្យាបាទ ដោយសារលោកបានបកអាកាត្រនូវទង្វើខុសឆ្គងផ្សេងៗ របស់រដ្ឋាភិបាលអាមេរិក ហើយថាការកាត់ទោសលោក នឹងប្រៀបដូចជា ការវាយប្រហារលើសេរីភាពនៃសារព័ត៌មាន ក៏ដូចជាសិទ្ធិនៃការបញ្ចេញមតិយ៉ាងដូច្នោះ៕