(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា បុគ្គលម្នាក់ៗត្រូវមានក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងខិតខំប្រឹងប្រែង នោះមិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ។
លោក ហ៊ុន ម៉ានី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីនេះមានការចូលរួមពីសិស្សានុសិស្ស និងសមាជិក សមាជិកា ស.ស.យ.ក.ប្រមាណជាង៤០០នាក់។
លោក ហ៊ុន ម៉ានី បានថ្លែងដូចនេះថា «បុគ្គលម្នាក់ៗត្រូវមានក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងការខិតខំប្រឹងប្រែង នោះមិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ»។
ក្នុងន័យនេះលោកចង់បង្ហាញឲ្យនិស្សិត សមាជិក សមាជិកា សសយក ទាំងអស់បន្តស្វែងយល់ រៀនសូត្រ ក្រេបជញ្ជក់ចំណេះ ជំនាញ រៀនសង្កេត និងត្រងត្រាប់បទពិសាធន៍ជាក់ស្ដែងរបស់ថ្នាក់ដឹកនាំដែលទទួលបានជោគជ័យ ដើម្បីសម្រេចនូវក្ដីស្រមៃទៅថ្ងៃអនាគត។
លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា អនាគតគឺជាក្តីស្រមៃ ឬក្តីសង្ឃឹមរបស់បុគ្គលម្នាក់ៗ ប៉ុន្តែប្រសិនយើងបើមិនមានការតាំងចិត្ត មិនមានការខិតខំប្រឹងប្រែង ការលះបង់ និងការពុះពារ នាពេលបច្ចុប្បន្នទេ បុគ្គលម្នាក់ៗក៏មិនអាច សម្រេចដល់គោលដៅ ឬក្តីស្រមៃដែលខ្លួនប៉ងប្រាថ្នានោះបានដែរ។
ជាមួយគ្នានោះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោក ហ៊ុន ម៉ានី និងបានកោតសរសើរចំពោះការរៀបចំពិធីសំណេះសំណាលក្នុងថ្ងៃនេះ ដែលស្ដែងឱ្យឃើញពីសកម្មភាពគំរូរបស់ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភ្នំពេញ ដែលតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មក្នុងការរៀបចំវេទិការនានា ហើយនឹងបន្តលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ឲ្យបន្តអនុវត្តទង្វើល្អៗទាំងអស់នេះដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយផងដែរ។
សូមជម្រាបថា ជំនួបនេះស្ថិតក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សារបស់ ស.ស.យ.ក. ( ក.យ.គ) ដែលកន្លងមកបានជួបជាមួយបណ្តាសាកលវិទ្យាល័យផ្សេងៗដើម្បីចូលរួមចំណែកដល់យុវជន ក្នុងការចូលរួមគ្រប់ទិដ្ឋភាព សកម្មភាពស័្មគ្រចិត្ត និងមនុស្សធម៌ផងដែរ៕