(ហ្វីលីពីន)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេស តំណាងរាជរដ្ឋាភិបាលនៃកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និងពិភាក្សាការងារទ្វេភាគីជាមួយ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅវិមានប្រធានាធិបតី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ លើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ការរីកចំរើននៃជីវភាពរស់នៅ របស់ប្រជាជន និងការផ្លាស់ប្តូរប្រជាជន នៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សា លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សុវត្ថិភាពស្បៀង អាហារូបត្ថម្ភ សន្តិសុខថាមពល ពាណិជ្ជកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា លើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហារួមរបស់តំបន់ និងពិភពលោក។
ក្នុងឱកាសនេះដែរ លោកបេសកជនពិសេស ក៏បានពាំនាំការសាកសួរសុខទុក្ខ និងផ្តាំផ្ញើការជូនពរ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកប្រធានាធិបតី ចំពោះការជាប់ឆ្នោតជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលទទួលបានការគាំទ្រពីប្រជាជនហ្វីលីពីន យ៉ាងច្រើនលើសលប់ ដោយសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្ត និងចក្ខុវិស័យនៃការដឹកនាំរបស់លោកប្រធានាធិបតី។
ជាការឆ្លើយតប លោកប្រធានាធិបតីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមអបអរសាទរ ចំពោះសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេច ហើយហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកយកកិច្ចការអាទិភាពមួយចំនួន ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាន នៅក្នងអំឡុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ៕