(កំពង់ធំ)៖ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោងប្រមាណ ១០០០នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយគណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង។
ក្នុងឱកាសនោះ ដើម្បីឲ្យសកម្មភាពការងារយុវជន កាន់តែរឹងមាំនៅក្នុងការដឹកនាំ ក៏មានការប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារសកម្មជន របស់គណបក្សថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិផងដែរ។
តាមការបញ្ជាក់របស់ លោក សុខ លូ ប្រធានក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងថា ដើម្បីធានានូវ ប្រសិទ្ធិភាពការងាររបស់យុវជន នៅទូទាំងខេត្តនោះ រាល់សមាសភាពថ្នាក់ដឹកនាំ ក្រុមការងារសកម្មជន របស់គណបក្សថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ ទាំងអស់ គឺត្រូវតែកើតចេញពីការបោះឆ្នោតទាំងអស់ មិនមានការចាត់តាំងដូចកាលមុននោះទៀតឡើយ។ ដោយឡែកសមាសភាពសកម្មភាពយុវជន ដែលប្រកាសនាពេលនេះថ្នាក់ ស្រុកមាន២៧នាក់ ថ្នាក់ឃុំសរុប១០០០នាក់។
លោក ជា ចាន់តូ បាន បានជម្រុញដល់យុវជនទាំងអស់ ឲ្យខិតខំឲ្យបំពេញតួនាទី និងអនុវត្តគោលនយោបាយ របស់គណបក្សឲ្យសកម្មថែមទៀត និងត្រូវបញ្ចេញសមត្ថភាព ដែលរបស់ខ្លួនមានចូលរួមនៅគ្រប់កិច្ចសង្គម ដើម្បីឲ្យក្លាយជាអ្នកបន្តវេណពិតប្រាកដ ប្រកបដោយថាមពល ពីអ្នកជំនាន់មុនស្របតាមគោលនយោបាយ យុវជនភាវូបនីយកម្ម។
លោកបន្តថា ដើម្បីឈានទៅសម្រេចបានតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ចង់បាននោះយុវជនទាំងអស់ត្រូវមានការសាមគ្គី និងត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ និងត្រូវហ៊ានលះបង់គ្រប់យ៉ាងចូលឲ្យបានជ្រៅ នៅក្នុងចលនាមហាជនតាមមូលដ្ឋាន។ ជាមួយនេះដែរក៏ត្រូវ សកម្មភាពធ្វើការងារយុវជន ការងារសង្គម និង ហ៊ានវាយបកភ្លាមៗ នូវការប៉ុនប៉ងគ្រប់រូបភាពដែលមានចរិកញុះញុងបំផ្លាញដល់សន្តិសុខសុវត្ថិភាព និងការបំបែកបំបាក់ជាតិ ដូចជាសកម្មភាពថ្ងៃចន្ទព៌ណខ្មៅកន្លងមកនេះជាដើម ឲ្យបានទាន់ពេលវេលា។
លោក ជា ចាន់តូ បានបន្តទៀតថា៖ បើគ្មានការស្រុះស្រួល និងការឯកភាពគ្នានោះទេ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការរីកចម្រើនរបស់សង្គមជាតិមួយ មិនអាចកើតមានបានឡើយ។ ដូចនេះយុវជនត្រូវមានសាមគ្គីភាពការឯកភាព ថែរក្សារាល់សមិទ្ធផល ដែលមានឲ្យបានគង់វង្ស និងត្រូវខិតខំកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសទៀតនោះត្រូវបង្កើនសមត្ថភាពទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីអភិវឌ្ឍន៏ប្រទេសជាតិ៕