(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រី ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានចាត់លោក ចាយ បូរិន ជាតំណាងចុះសួរសុខទុក្ខលោក យស់ សុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានវ័យចាស់ ហើយកំពុងព្យាបាលជំងឺនៅគេហដ្ឋាន រាជធានីភ្នំពេញ។
លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមនិងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនចំពោះលោក យស់ សុន និងលោកស្រីព្រមទាំងក្រុមគ្រួសារ។
លោកប្រធានប្រតិភូបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងសមាជិកសមាជិការគណបក្សទាំងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ។
ប្រតិភូយុវជថ្នាក់កណ្តាលបានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះវីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់លោក យស់ សុន ដែលបានចូលរួមចំណែកក្នុងការស្តារ-កសាង និងអភិវឌ្ឍប្រទេសជាតិ ជារៀងរហូតមក។ ដូចជាធ្លាប់បានបំពេញការងារជាប្រធានគណៈទាក់ទងការបរទេសមជ្ឈឹមបក្សពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៩០ ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩២ ជាតំណាងរាស្ត្រពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣ និងបន្តធ្វើជាប្រធានគណៈទាក់ទងការបរទេរបស់គណបក្សពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ហើយបច្ចុប្បន្នជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោកប្រធានប្រតិភូ និងសមាជិកទាំងអស់បានចាត់ទុកគុណបំណាច់របស់លោក យស់ សុន នាពេលកន្លងមកជាកេរ្តិ៍ដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗបានរៀនសូត្រ និងអនុវត្តតាម។
សូមរម្លឹកថា លោកបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុក
ដាក់ពីសុខទុកនឹងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទាំងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺ ត្រូវសហការគ្នាចុះសួរសុខទុក្ខផ្តល់កម្លាំងចិត្តជូនលោកជាប្រចាំ ពីព្រោះថាចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុនបានធ្វើពលីកម្មដ៏ធំធេង និងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សាមរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក ចាយ បូរិន រួមជាមួយសមាជិកផ្នែកឃោសនាអប់រំ យុវជនគណបក្សថ្នាក់កណ្តាល បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។
លោក យស់ សុន ព្រមទាំងក្រុមគ្រួសារបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ជូនដល់ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជាអ្នកបន្តវេនពោពេញដោយគុណធម៌សមត្ថភាពជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕