(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការជំរុញអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានទំហំទឹកប្រាក់ចំនួន១៥០លានដុល្លារ និងបានលើកទឹកចិត្តដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមស្នើកម្ចីឥណទានពីគម្រោងនេះឱ្យបានរួសរាន់។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សហហិរញ្ញប្បទានចំនួន១៥០លានដុល្លារអាមេរិក ដោយចាប់ផ្តើមនីតិវិធីផ្តល់កម្ចីចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ដើម្បីជំរុញការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស ក្រសួងទេសចរណ៍ក៏បានជម្រាបជូននូវព័ត៌មានមួយចំនួនដូចខាងក្រោម៖
១៖ ម្ចាស់អាជីវកម្មទេសចរណ៍អាចចាប់ផ្តើមស្នើសុំកម្ចីនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងទំហំទឹកប្រាក់អតិបរមា៤០០,០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ក្នុងអត្រាការប្រាក់ទាបត្រឹមតែ៦.៥ភាគរយក្នុងមួយឆ្នាំ ដោយមានរយៈពេលឥណទានរហូតដល់៧ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់១២ខែ។
២៖ ម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំឥណទានក្នុងគោលបំណង៖
* ស្តារប្រតិបត្តិការអាជីវកម្មទេសចរណ៍ទ្បើងវិញ។
* ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។
៣៖ ម្ចាស់អាជីវកម្មទេសចរណ៍អាចអញ្ជើញទៅប្រឹក្សា និងសាកសួរព័ត៌មានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំង១៩ស្ថាប័ន រួមមាន៖
* ធនាគារ ជីប ម៉ុង ខមមើសសលប៊ែង ម.ក
* ធនាគារ ហត្ថា ម.ក
* ធនាគារ អេស៊ីលីដា ភីអិលស៊ី
* ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់
* ធនាគារ ស្ថាបនា ភីអិលស៊ី
* ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
* ធនាគារ វីង (ខេមបូឌា) ម.ក
* ធនាគារ ព្រីនស៍ ភីអិលស៊ី
* ធនាគារ កាណាឌីយ៉ា ក.អ
* ធនាគារ ហ្វីលីព ភីអិលស៊ី
* ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេទ្បុបមេន ម.ក
* ធនាគារ ភ្នំពេញពាណិជ្ជ ម.ក
* ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
* ធនាគារ សាខម ខេមបូឌា ភីអិលស៊ី
* ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក
* ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
* គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
* គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាក់ ម.ក
* គ្រឹះស្ថានហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
៤៖ គម្រោងសហហិរញ្ញប្បទាននេះមានសុពលភាពរយៈពេល២ឆ្នាំ បន្ទាប់ពីថ្ងៃចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ ឬអាចពន្យារសុពលភាពដោយរាជរដ្ឋាភិបាលតាមការចាំបាច់។ ការផ្តល់ឥណទានដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទាននេះនឹងត្រូវស្ថិតលើមូលដ្ឋាន «មកមុន ផ្តល់ឱ្យមុន» រហូតដល់អស់ទឹកប្រាក់ដែលបានបម្រុងទុក។
ក្រសួងទេសចរណ៍ក៏បានបង្ហាញលេខទូរស័ព្ទ 092 779 833 ឬ 015 777 808 ដើម្បីទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៕