(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។
ការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស MLC លើកទី៧ របស់ប្រមុខការទូតកម្ពុជា តបតាមការអញ្ជើញរបស់លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» នឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅក្នុងកាលៈទេសៈ នៃការគំរាមកំហែង ពិភពលោកដែលមិនធ្លាប់មានពីមុនមក។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ លោក ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្តីការបរទេស MLC ដទៃទៀត ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធអាគារអង្គភាពសម្របសម្រួលជាតិនៃ MLC របស់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាហ្កាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថានឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេស MLC ផ្សេងទៀត សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ MLC សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់៕