(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yanagawa Shinji អនុប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង អាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េនជប៉ុន (ឬប្រមាណ ២,៦៨១,៨០៧.៧០ ដុល្លារអាមេរិក)។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង JICA បានក្លាយជាឯកសារស្របច្បាប់ បន្ទាប់ពីលិខិតប្ដូរសារត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន គឺបញ្ជាក់ថា គម្រោងនេះមានគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់រដ្ឋាភិបាលដែលរំពឹងថានឹងចូលរួមបង្កើត និងអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ គម្រោងនេះមានគោលបំណងផងដែរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និងបទពពិសោធន៍ក្នុងប្រទេសជប៉ុន។
កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រីកម្ពុជាចំនួន២៦នាក់ទៅសិក្សានៅប្រទេសជប៉ុន ដែលបេក្ខជនចំនួន ២៤ នាក់ នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីថ្នាក់អនុបណ្ឌិត និង ២នាក់ សម្រាប់កម្មវិធីថ្នាក់បណ្ឌិតសម្រាប់កម្មវិធី JDS ក្រោមកិច្ចព្រមព្រៀងថ្មីនៃហិរញ្ញប្បទានឥតសំណងនេះ។
កម្មវិធីអាហារូបកណ៍ JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ ហើយអស់ រយៈពេលជាង ២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង ៥០០នាក់ដែលបានទទួល អាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន។
គម្រោងនេះ ពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។ អតីតនិស្សិត JDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំដែលកំពុងបម្រើការងារក្នុងក្រសួង នានាក្នុងប្រទេសកម្ពុជា៕