(កណ្ដាល)៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ឱ្យលោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហមិត្ត បុគ្គលិកមន្ត្រីរាជការ ចុះសួរសុខទុក្ខនិវត្តជនរបស់សមាគមសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
លោកស្រី កែវ ចរិយា បានឱ្យដឹងថា និវត្តជន គឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាលទើបមានថ្ងៃនេះ។
លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹករបស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈ ស្មារតីជូនដល់និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកស្រីរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីប្រធានរតនាគារ លោកប្រធានសាខាពន្ធដារ និងលោកប្រធានសាខា គយនិងរដ្ឋាករ ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខេត្តកណ្ដាលនា សូមប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្លួននូវគុណតម្លៃស្ថាប័ននៃ ក.ស.ហ.វ. ដែលជាស្ថាប័នមានសមត្ថភាព និងឧត្តមភាព ប្រកបដោយគុណវគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល បេសកកម្មចូលរួមអនុវត្តលើការងារដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលឈានទៅសម្រេចបានចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល និងវិសហមជ្ឈការដើម្បីការកសាងនិងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។
នាឱកាសនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់និវត្តជនចំពោះការចងចាំជានិច្ចនូវគុណបំណាច់ និងស្នាដៃ ដែលធ្លាប់បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាសន្តិសុខសុវត្ថិភាពបានល្អប្រសើរ ក្នុងកាលៈទេសៈដ៏លំបាករហូតទទួលបានសន្តិភាពពេញលេញមកដល់សព្វថ្ងៃនេះ។
លោកអភិបាលខេត្តបានបន្តថា ភាពកត្តញ្ញូចំពោះវីរភាពរបស់រៀមច្បងក្នុងបុព្វហេតុ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ គឺជាមោទនភាពរបស់និវត្តជន ដែលត្រូវទទួលបាននូវភាពកក់ក្ដៅ និងកិត្តិយសពីអ្នកបន្តវេន។ ផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចុប្បន្ននេះ គឺពិតជាលទ្ធផលដែលមិនអាចកាត់ផ្ដាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបានឡើយ៕