(ទីក្រុងញូវយ៉ក)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងលេខរៀងទី៥ក្នុង ចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកសរុបចំនួន៧៧ លោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជាពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» និងបានបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការជួយឧបត្ថម្ភជ្រោមជ្រែងពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ ទទួលខុសត្រូវលើគោល នយោបាយ សុវត្ថិភាព ចរាចរណ៍ អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទទួលបន្ទុករឹតបន្តឹងការអនុវត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមជាសមាជិក។
លើសពីនេះទៀត អនុគណៈកម្មាធិការនៅថ្នាក់ខេត្ត ដែលដឹកនាំដោយអភិបាលខេត្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ នៅថ្នាក់ខេត្ត។ គ.ស.ច.គ. មានរបបប្រជុំប្រចាំខែ ដើម្បីពិនិត្យសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដាក់ចេញវិធានការទប់ស្ថាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានទាន់ពេលវេលា ក្នុងនោះដែរ រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក យ៉ាងស្វិតស្វាញ ក្នុងការលើកកម្ពស់នូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា និងបានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សូមបញ្ជាក់ដែរថា បន្ទាប់ពីកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេស Mozambique ដើម្បីចែករំលែកអំពីការអនុវត្តល្អ លើ ការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកម្ពុជាបានអនុវត្តកន្លងមក ទាក់ទងនឹងការអប់រំផ្សព្វផ្សាយ តាមរយៈការចែកមួកសុវត្ថិភាព ការចែកស្ទីកឃ័រចំណាំងផ្លាត វីដេអូស្ពតអប់រំ ការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវ គោកដល់វិស័យឯកជន កម្មវិធីដកពិន្ទុបណ្ណបើកបរ ការពិន័យចំពោះអ្នកល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចជា ការមិនពាក់ ខ្សែ ក្រវាត់សុវត្ថិភាព បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ព្រមទាំងចែករំលែកនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ការងារចុះបញ្ជីយានយន្ត តាម Online QR Code លើបណ្ណបើកបរ និងផ្លាកលេខសំគាល់យានយន្តដល់ប្រទេស Mozambique ផងដែរ៕