(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩។
នៅក្នុងសារាចរណែនាំនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា-SOP) ដែលក្នុងនោះរួមមាន៖
១៖ ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
២៖ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវបន្តពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity Management System) ដែលរៀបចំដោយក្រសួងទេសចរណ៍ តាមរយៈគេហទំព័រ https://www.camccms.org។
៣៖ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវធានាថាគ្រប់បុគ្គលិកបម្រើការបានចាក់វ៉ាក់សំាងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។
៤៖ ព្រមជាមួយនឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវបន្តពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ។
៥៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យនិងពង្រឹងបន្ថែមនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា-SOP)។
៦៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code ទប់ស្កាត់កូវីដ-១៩)។
៧៖ គ្រប់មូលដ្ឋានអាជីវកម្មត្រូវបន្តអនុវត្តរាល់វិធានការជាធរមាន។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
៨៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងដែលជាប់បំរាមហាមឃាត់ការប្រកបអាជីវកម្ម ជៀសវាងការប្រកបអាជីវកម្មដោយពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ៕