(ភ្នំពេញ)៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចចោទប្រកាន់ អ្នកលេង Tik Tok ម្នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានមិនពិតតាម Tik Tok ដែលថា មានពលរដ្ឋស្លាប់ដោយសារកូវីដ១៩ ថ្មីទៀតនៅក្នុងខេត្តកោះកុង។
ជនខាងលើមានឈ្មោះ ហ៊ៅ អ៊ូខុង ជាសមាជិកគណបក្សភ្លើងទៀន រស់នៅក្នុងភូមិ ជើងអង ឃុំកណ្ដោលជ្រុំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ មុននឹងបញ្ជូនទៅកាន់តុលាការ។
បើតាមមន្រ្តីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ, គឺក្នុងសំណុំរឿងនេះ ព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់ពីបទញុះញង់ «បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី។
បើតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ គឺការបង្ហោះព័ត៌មានក្លែងក្លាយរបស់បុគ្គលរូបនេះ គឺមានចេតនាបង្កការភ័យខ្លាចដល់សាធារណជន ខណៈដែលកម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ទៀតនោះទេ។
សម្តេចតេជោ ក៏បានព្រមានចាប់ខ្លួនជនទាំងឡាយ ដែលយកបញ្ហាកូវីដ១៩ មកបង្ហោះលេងសើច បំពុលបរិយាកាស តាមបណ្តាញសង្គម ដែលបានធ្វើឱ្យសាធារណជនមានការភ័យខ្លាច។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា ករណីដែលបង្ហោះបំភ្លៃអំពីស្ថានភាពកូវីដ១៩ មិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះទេ ខណៈដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៤៩៥ បានឱ្យដឹងថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបព្រឹត្តអំពើបង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕