(សៀមរាប)៖ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (ន.ទ.ទ.ក) ដែលអនុវត្តដោយក្រសួងបរិស្ថាន នឹងចូលរួមធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញភាពអំណោយផលដើម្បីលើកកម្ពស់អេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នេះជាការលើកឡើងរបស់លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។
ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងបឹងទន្លេសាប រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, លោក ខៀវ បូរិន បានបន្តថា សម្រាប់ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះដែរ លោក ខៀវ បូរិន បានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ គឺទាមទារយ៉ាងខ្លាំងឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទាំងនោះ តាមការរយៈការកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ ដូចជាការចូលកាប់ឆ្ការព្រៃ តាមបែបប្រពៃណី ដើម្បីដាំដំណាំ និងការបរបាញ់សត្វជាដើម។ល។
លោកបានបញ្ជាក់បន្ថែមថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។
សូមជម្រាបថា ក្រោមការគាំទ្រពីធនាគារពិភពលោក, ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) គម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត។
បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃសរុប ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធ្មជាតិបាន១៨២ទីតាំង និងមានសហគមន៍ខ្លះមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ថែមទៀត៕