(ក្រចេះ)៖ លោក សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាការទី១ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សឃុំទាំង៨ ក្នុងស្រុកព្រែកប្រសព្វ នៅក្នុងឱកាសអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានជឿជាក់មកលើកគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន និងបានបន្តចូលរួមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ លោក ហង់ ចាន់ឌី ប្រធាគណបក្សស្រុកព្រែកប្រសព្វ បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានសង្កត់ធ្ងន់ថា៖ «ក្រោមពន្លឺ នៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុតជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។
ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គម មានភាពល្អប្រសើរលទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុង ចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និងសកល។ បច្ចុប្បន្នប្រជាជនយើង កំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹមនិងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗ ជាយុវជនជំនាន់ក្រោយផងដែរ។
អ្នកតំណារាស្រ្ត លោក សរ ចំរុង បានបញ្ជាក់ថា សុខសន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុត ដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគ្នាដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ រាល់សមិទ្ធផលដែលគណបក្សបានសម្រេច ជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្ស ប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រោយពីរាជរដ្ឋាភិបាលប្រកាស់បើកប្រទេសឡើងវិញ ស្របពេលជំងឺកូវីដ១៩ បានថយចុះ សេដ្ឋកិច្ចជាតិមានការរីកចម្រើនឡើងវិញ ហើយជោគជ័យនៃការឈ្នះឆ្នោតពេលនេះ គឺជាការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺមានការខិតខំប្រឹងប្រែងចូលរួមតស៊ូគាំទ្រ និងជឿជាក់ពីប្រជាពលរដ្ឋមកលើគោយនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដូច្នេះ សូមប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែម៕