(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា (គ.អ.ស.ស.) បានថ្លែងបញ្ជាក់ថា ការរៀបចំដាក់ចេញផែនការសកម្មភាពស្តីពី សុខភាពសិក្សាឆ្នាំ២០២១-២០៣០ ដើម្បីជាការលើកកម្ពស់អនាម័យបរិស្ថាន ជាពិសេសការលើកកម្ពស់ អនាម័យទឹកស្អាត នៅតាមគ្រឹះស្ថានសិក្សា ដោយធ្វើយ៉ាងណាឱ្យការសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង។
លោករដ្ឋមន្ត្រី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងស្តីពី សុខភាពសិក្សា ឆ្នាំ២០២១-២០៣០ សណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក យង់ គន្ធារិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.អ.ស.ស. រួមទាំងប្រធាន អនុប្រធាន សមាជិក គ.អ.ស.ស ទូទាំងរាជធានី ខេត្តផងដែរ។
លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងទៀតថា ដើម្បីលើកកម្ពស់នូវបរិស្ថានសិក្សា និងការលក់ដូរនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសការលើកកម្ពស់អនាម័យទឹកស្អាត នៅតាមគ្រឹះស្ថានសិក្សា ធ្វើយ៉ាងណាឱ្យការសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង ក្រសួងអប់រំបានដាក់ចេញនូវផែនការសកម្មភាពថ្មីៗជាច្រើន ជាពិសេសផែនការ សកម្មភាពស្តីពីសុខភាពសិក្សាឆ្នាំ ២០២១-២០៣០នេះផងដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំផែនការសកម្មភាពនេះ ដើម្បីលើកកម្ពស់សុខភាពសិក្សា និងពិនិត្យមើលនូវគោលនយោបាយ ក៏ដូចជាការអន្តរាគមពីភាគី ពាក់ព័ន្ធនានាដែលមានចរិតជាអន្តរវិស័យ ក៏ដូចជាការទាមទារនូវការសិក្សានៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសនៅតាមសាលារៀន រួមទាំងការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ដើម្បីឱ្យផែនការនេះអនុវត្តបានជោគជ័យ ទាមទារឱ្យភាគីគ្រប់លំដាប់ថ្នាក់ទាំងអស់ ទាំងមន្ទី និងអាជ្ញាធរ គ្រប់បណ្តាខេត្ត ចូលរួមសហការគ្នាដាក់ចេញនូវផែនការសកម្មភាពដែលមានចរិកអន្តរក្រសួង ដោយមានការកំណត់យ៉ាងច្បាស់ពីគោលនយោបាយ និងស្ថាប័នទទួលខុសត្រូវ ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពថែមទៀត។
សូមជម្រាបដែរថា «សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩៕