(តួកគី)៖ នាយករដ្ឋមន្ត្រីប្រទេសគួកគី លោក Ahmet Davutoglu បានប្រកាសលាលែងពីតំណែងជាផ្លូវការ តែប៉ុន្មានម៉ោងក្រោយពីប្រធានគណបក្សយុត្តិ និងការអភិវឌ្ឍន៍ (AK Party) ប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី ហើយអ្នកដែលនឹងមកជំនួសតំណែងរបស់លោក ត្រូវបានគេដឹងថាជាមនុស្សជំនិតរបស់ប្រធានាធិបតីតួកគី នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី២៣ ខែឧសភា។
លោក Binali Yildirim អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍ ព្រមទាំងជាមនុស្សជំនិតរបស់លោក Recep Tayyip Erdogan ប្រធានាធិបតីនៃប្រទេសតួកគី ត្រូវបានគេសន្និដ្ឋានថា នឹងឡើងកាន់តំណែងជំនួសលោក Davutoglu ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាល។
កាលពីមុន ប្រទេសតួកគី ធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសភា ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤មក គឺបោះឆ្នោតដោយថ្នាក់ជាតិវិញម្ដង ហើយលោក Recep Tayyip Erdogan គឺជាប្រធានាធិបតីដំបូងគេដែលត្រូវបានឆាប់ដោយការបោះឆ្នោតថ្នាក់ជាតិ៕