(បន្ទាយមានជ័យ)៖ ក្នុងនាមប្រជាពលរដ្ឋស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់នូវសុខសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងប្រែក្លាយតំបន់នេះ ទៅជាតំបន់អស់មីន និងផ្តល់សុវត្ថិភាពដល់ការអភិវឌ្ឍ លើផ្ទៃដីមានមីនចំនួន២៤,៥ហិកតា នារយៈពេលប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។
សារថ្លែងអំណរគុណរបស់ទេសរដ្ឋមន្ដ្រី លី ធុជ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងទិវាមច្ឆាជាតិ ដែលបានប្រារព្ធនៅតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលនូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ, លោកទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើការទំនាក់ទំនងជាមួយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សហការជាមួយអាជ្ញាធរមីន ចាត់វិធានការដោះស្រាយភ្លាមៗ និងដាក់ពង្រាយកម្លាំងបោសសម្អាត នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមទៀត «មិនត្រឹមតែតំបន់អាងទឹកត្រពាំងថ្ម អស់មីនប៉ុណ្ណោះទេ គឺត្រូវបោសសម្អាត និងប្រកាសស្រុកភ្នំស្រុកទំាំងមូល ជាស្រុកអស់មីន តែម្តង លើផ្ទៃដីមានមីនចំនួន ២៥.១ហិកតា»។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងផ្តល់សុខសន្តិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ សម្តេចតេជោ ថែមទាំងតែងតែយកចិត្តទុកដាក់អំពី ទុក្ខលំបាករបស់ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងចង់ឃើញប្រជាពលរដ្ឋទាំងអស់ ទាំងនៅក្នុងទីប្រជុំជន និងជនបទរស់នៅប្រកបដោយសុវត្ថិភាពគ្រប់គ្នា រួចផុតពីគ្រោះថ្នាកដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕