(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ «កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ» ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២មានការចូលរួមពីគ្រប់ភាគី រួមទាំងតំណាងសមាគមនិយោជក សហជីព ក្រសួងស្ថាបន័ពាក់ព័ន្ធ និងប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត។
លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ និងក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការរៀបចំឯកសារទាំងពីរនេះលេចចេញជារូបរាងឡើង។
លោក ហ៊ុយ ហានសុង បានបន្តថា ពិធីដែលបានរៀបចំធ្វើឡើងនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ជាំងនូវការបេ្តជ្ញាចិត្តជាមួយនិងសា្មរតីទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្រេចឱ្យបាន និងការឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងផែនមេលើកទី២ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០១៨-២០២២ ដែលក្រសួងបានដាក់ចេញ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំនិងបោះពុម្ភផ្សាយកម្រងព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារលើកទី១ កាលពីឆ្នាំ២០១១ ដែលជាឯកសារជាលើកដំបូង បង្ហាញអំពីព័ត៌មាន និងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមផ្តល់ព័ត៌មាន និងធាតុចូលពីគ្រប់ភាគីដែលធ្វើការពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ដោយមានកិច្ចសហការជាមួយគម្រោងសុវត្ថិភាព និងសុខភាពការងារនៃអង្គការអន្តរជាតិជប៉ុន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាប់ផ្តើមចងក្រងកម្រងព័ត៌មានជាតិលើកទី២នេះឡើងនៅក្នុងឆ្នាំ២០១៩ ដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញអំពីព័ត៌មាន និងការអភិវឌ្ឍនានាពាក់ព័ន្ធនឹងសកម្មភាពសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើឯកសារកម្រងព័ត៌មានលើកទី១ និងការប្រមូលទិន្នន័យ ព័ត៌មាន និងធាតុចូលនានាពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការនិយោជក និងអង្គការកម្មករនិយោជិត និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានាដែលធ្វើការការងារទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារ។
ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ ក្នុងគោលបំណងដើម្បីកាត់បន្ថយកត្តាហានិភ័យសារធាតុគីមី សំដៅធានាសុវត្ថិភាពកម្មករនិយោជិត និងអ្នកប្រើប្រាស់សារធាតុគីមី ផលិតផលគីមីទាំងអស់នៅកន្លែងធ្វើការ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។
លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថា អ្វីដែលសំខាន់ ក្រសួងចង់ឲ្យនិយោជកទាំងអស់នៅពេលដែលប្រើប្រាស់កម្មករនិយោជិត ត្រូវតែយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតរបស់ខ្លួនឲ្យបានល្អ ពីព្រោះពួកគាត់គឺជាទ្រព្យរបស់រោងចក្រសហគ្រាស អីចឹងត្រូវធ្វើម៉េចឲ្យគាត់មានសុវត្ថិភាព មានសុខភាពល្អ ដើម្បីគាត់នឹងខិតខំបំពេញការងារឲ្យមានផលិតភាពខ្ពស់ ទៅដល់រោងចក្រសហគ្រាស។ ដោយឡែកកម្មករខ្លួនឯងក៏ត្រូវតែយកចិត្តទុកដាក់ដែរចំពោះសុវត្ថិភាព សុខភាពរបស់ខ្លួន ករណីដែលកម្មករណាម្នាក់រងគ្រោះ គឺប៉ះពាល់ដល់ខ្លួនឯង ដល់ក្រុមគ្រួសារ ដល់សង្គមជាតិទាំងមូល ដូច្នេះយើងត្រូវមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារមួយឱ្យបានត្រឹមត្រូវ ហើយកម្មករខ្លួនឯងក៏ត្រូវតែអនុវត្តឲ្យបានល្អតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលផងដែរ៕