(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ជំងឺរលាកថ្លើមនៅតែជាបញ្ហាសុខភាពនៅលើសកលលោកទាំងមូល ក៏ដូចជានៅតាមតំបន់នៃប្រទេសនីមួយ។ ដូច្នេះក្រសួងសុខាភិបាល បានចាត់ទុកការឆ្លើយតបជំងឺរលាកថ្លើមប្រភេទ បេ និងសេ ជាការងារអាទិភាព ហើយនឹងប្ដេជ្ញាចិត្ដគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីដៃគូនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅលុបបំបាត់ជំងឺរលាកថ្លើមបេ និងសេ នៅឆ្នាំ២០៣០។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ក្រសួងបានតាំងចិត្តជួយដល់កម្មវិធីនេះ ដើម្បីធ្វើមិចឱ្យផែនការគ្របដណ្តប់សកម្មភាពក្នុងការលុបបំបាត់ជំងឺថ្លើមប្រភេទ បេ និងសេនេះ ចូលទៅក្នុងសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៃកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង និងមិនឆ្លង។ ពេលយើងដាក់ចូលទៅក្នុងកម្មវិធីនេះហើយ យើងមានអនុកម្មវិធី ដោយមានកម្មវិធីចុះទៅអប់រំ ផ្សព្វផ្សាយជួនដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមផងដែរ»។
ការថ្លែងបែបនេះ របស់លោកស្រី យក់ សម្បត្ដិ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសិក្ខាសាលា ស្តីពីការពិនិត្យការវិវត្តន៍នៃសកម្មភាពលុបបំបាត់ជំងឺរលាកថ្លើមដោយសារវីរុសប្រភេទបេ និងសេ ក្នុងប្រទេសកម្ពុជា កាលពីចុងខែមិថុនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារទន្លេបាសាក់២។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេស សម្រាប់ជំងឺថ្លើម បានលើកឡើងថា ការប្តេជ្ញាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ នៅឆ្នាំ២០៣០ខាងមុខនេះ ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះរួមមានការអប់រំផ្សព្វផ្សាយអំពីការបង្ការ និងរបៀបឆ្លងជំងឺរលាកថ្លើមប្រភេទបេ និងសេ ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងលើកទឹកចិត្តឱ្យពួកគាត់មកប្រើប្រាស់សេវាព្យាបាលជំងឺនៅតាមមណ្ឌសុខភាពមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ។
លោកបន្ដថា «ក្រៅពីនេះយើងមានសម្ភារៈមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តអ្នកជំងឺរកជំងឺថ្លើមប្រភេទបេ និងសេ ដោយធ្វើតេស្តរហ័ស និងការធ្វើតេស្តរាប់មេរោគ ដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើត និងតាមដានការវិវត្តនៃជំងឺ និងការផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលជំងឺ។ លោកវេជ្ជបណ្ឌិតបន្តថា ជំងឺថ្លើមប្រភេទបេ និងសេនេះ ប្រសិនបើអ្នកជំងឺមិនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរទេ គឺយើងអាចព្យាបាលជាសះស្បើយបានរហូតជិតដល់៩៨ភាគរយសម្រាប់ជំងឺថ្លើមរលាកសេ ហើយបច្ចុប្បន្នតម្លៃនៃការព្យាបាលមានត្រឹមខ្ទង់រយប៉ុណ្ណោះ ខណៈពីមុនត្រូវចំណាយប្រមាណ៥ពាន់ទៅ១ម៉ឺនដុល្លារ ចំពោះរលាកថ្លើមប្រភេទសេ តែបើរលាកថ្លើមប្រភេទបេថ្លៃខ្ពស់ជាងនេះ»។
លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «យើងខ្ញុំរីករាយណាស់ និងអរគុណដល់ក្រសួងសុខាភិបាល ដែលបានគាំទ្រកម្មវិធីនេះ យើងខ្ញុំជាអ្នកអនុវត្តនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបង្ការទប់ស្កាត់ និងចូលរួមជាមួយប្រជាពលរដ្ឋ។ ព្រោះថាកម្មវិធីនេះអាចឈានទៅសម្រេចជោគជ័យបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធដែរ ទើបយើងអាចលុបបំបាត់ជំងឺថ្លើមប្រភេទបេ និងសេ នៅឆ្នាំ២០៣០»។
ពាក់ព័ន្ធនឹងជំងឺថ្លើមនេះដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានពន្យល់ថា ជំងឺថ្លើមប្រភេទបេ និងសេនេះ ភាគច្រើនឆ្លងតាមឈាម និងការរួមភេទ តាមរយៈការចាក់ថ្នាំ ឬបញ្ចូលឈាមដោយមិនមានសុវត្ថិភាព។ ប៉ុន្តែមានការសិក្សាខ្លះដែរថា មានការឆ្លងតាមចំណីអាហារ តែមិនមានភស្តុតាងណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំថា ដើម្បីសុវត្ថិភាព សូមប្រជាពលរដ្ឋរក្សាអនាម័យ ហើយពេលបរិភោគអាហារ គួរតែកុំប្រើការដូសសម្លរួមគ្នា ត្រូវដាក់វែកដូសដាក់រៀងៗខ្លួន ដើម្បីការពារជំងឺផ្សេងៗទៀត ដែលឆ្លងតាមចំណីអាហារ ក្រៅពីជំងឺថ្លើមប្រភេទបេ និងសេ ដើម្បីការពារសុខភាពយើងទាំងអស់គ្នា។
សូមជម្រាបថា តាមការប៉ាន់ស្មាននៅឆ្នាំ២០១៧ របស់អង្គការសុខភាពពិភពលោក នៅកម្ពុជាចំនួនអ្នកដែលមានជំងឺរលាកថ្លើមប្រភេទវីរុសបេ គឺមាន៣ភាគរយ ស្មើនឹង៤៧ម៉ឺន៥ពាន់នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន ១,៦ភាគរយ ស្មើនឹង២៥ម៉ឺន៧ពាន់នាក់ ហើយដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាជំងឺក្រិនថ្លើម និងមហារីកផងដែរ៕