(ព្រះសីហនុ)៖ សាលាខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ស្នងការខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការ-មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ ប្រធានសាខាគយនិងរដ្ឋាករ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ ប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តផងដែរ។
លោក គួច ចំរើន បានថ្លែងថា យើងប្រជុំក្នុងក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ហើយកិច្ចប្រជុំនេះបានផ្តោតទៅលើវិធានការ៤ចំនុចដែលចំនុចមានដូចជា៖
*ទី១៖ ការទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញបទានភេវកម្ម
*ទី២៖ ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ
*ទី៣៖ ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួយដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច
*ទី៤៖ ការទប់ស្កាត់ វិធានការលើការចោរលួចខ្សែរភ្លើង។
ក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្ថែបទៀតថា រាល់គ្រប់អាវុធកែច្នៃមានដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ ដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន ត្រូវចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់។
អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា អាវុធប្រើខ្យល់ ប្រើហ្គាគេអាចយកទៅច្នៃប្រើជាគ្រាប់ពិតបានដែលអាចបង្ករជារបួសស្នាម ឬសម្លាប់មនុស្សតាមដែលគេយកទៅបង្ក ចាត់ទុកថាជាអំពើខុសច្បាប់ នឹងមិនលើកលែងចំពោះជនណាដែលមានរក្សាទុកអាវុធដែលមានខាងលើនេះ គឺត្រូវផ្តន់ទាទោសទៅតាមច្បាប់។
ជាចុងក្រោយនៃកិច្ចប្រជុំនេះ លោក គួច ចំរើន ក៏បានថ្លែងអំណគុណ និងកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់ ដែលមានការសហប្រតិបត្តិកន្លងមកបានធ្វើការបានល្អ ស្រស្រាក់ស្រស្រាំ ម៉ត់ចត់ និងការចុះបង្ក្រាបនានាបានយ៉ាងល្អប្រសើរ អ្វីដែលសំខានគឺបញ្ហាការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់ហើយលោក គួច ចំរើន សូមឲ្យមានការខិតខំប្រឹងប្រែងទប់ស្កាត់ បន្តលើចំនុចនេះ និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឲ្យកាន់តែតឹងរឹងថែមទៀត៕