(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំស្នងការរង នាយការិយាល័យ នាំយកថវិកាចលនា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១៨,០០០,០០០រៀល ប្រគល់ជូនចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
ការចូលរួមឧបត្ថម្ភគាំទ្រនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ ពិធីប្រគល់ថវិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
សូមបញ្ជាក់ផងដែរថា ការចូលរួមចំណែកឧបត្ថម្ភគាំទ្រ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ គឺដើម្បីធ្វើឲ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕