(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានណែនាំដល់ចៅសង្កាត់ និងអាជ្ញាធរមូកដ្ឋានក្នុងសង្កាត់វត្តគរ និងអូរម៉ាល់ ត្រូវបន្តបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព កសាងអំពើល្អ ដើម្បីភាពសុខសាន្ត និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ការណែបែបនេះ របស់លោក ឡេង ប៉េងឡុង បានធ្វើឡើងក្នុងឱកាសជួបជុំជាមួយក្រុមប្រឹក្សា សកម្មជនពីសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងនាមក្រុមការងារលោក ឡេង ប៉េងឡុង បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារគ្រប់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញការងារ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈលទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី៥ ខែមិថុនា ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសនោះដែរ លោក ឡេង ប៉េងឡុង បានណែនាំដល់ក្រុមការងារគ្រប់ថ្នាក់ទាំងអស់នៅសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ បន្តចូលរួមថែរក្សាសន្តិភាពជាមួយសម្តេចតេជោ ដើម្បីបន្តអភិវឌ្ឍ និងសូមបន្តរួមគ្នាបំពេញការងារ របស់ខ្លួនពិនិត្យ គាំទ្រ ជំរុញ ដោះស្រាយរាល់សំណើសំណូមពរ និងបម្រើផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព កសាងអំពើល្អ ដើម្បីភាពសុខសាន្ត និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ និងរៀបចំដំណើរទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ឡេង ប៉េងឡុង បានណែនាំដល់អ្នកពាក់ព័ន្ធផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋត្រៀមឯកសារសម្រាប់ទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕