(គែរ)៖ ទីបំផុតយោធាអេហ្ស៊ីប បានសម្រេចបញ្ជូននាវាទឹកមួយគ្រឿង ដើម្បីស្វែងរកប្រអប់ខ្មៅ របស់អាកាសចរណ៍ EgyptAir ដែលបានធ្លាក់ក្នុងសមុទ្រមេឌីរ៉ាណេ រយៈពេល៤ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នៅយប់ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦។
ការសម្រេចបញ្ជូននាវាមុជទឹកនេះ ដោយសារតែប្រតិបត្តិការរុករកនៅលើទឹក ជួបប្រទះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងអាកាសធាតុអាក្រក់ ទើបប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) ចេញបញ្ជាដោយផ្ទាល់។ នាវាខាងលើនេះ នឹងបំពេញប្រតិបត្តិការ តាមចាប់សញ្ញារបស់ប្រអប់ខ្មៅ របស់យន្តហោះ Airbus 320 អមដោយការជួយជ្រោមជ្រែងពីបុគ្គលិករបស់ ក្រុមហ៊ុនរុករកប្រេង។
គួរបញ្ជាក់ថា នាវាមុជទឹកខាងលើនេះ អាចចុះក្នុងទឹកបានជម្រៅ ៣គីឡូម៉ែត្រ ហើយប្រតិបត្តិការ រុករកនឹងបញ្ជូនទៅកាន់កន្លែង ដែលយន្តហោះធ្លាក់តែម្តង។ យ៉ាងដោយក្រុមភេរវករ ISIS បានក្លាយជាមុខសញ្ញាសង្ស័យថា បានបង្កឲ្យយន្តហោះខាងលើនេះធ្លាក់ ប៉ុន្តែក្រុម ISIS រហូតមកពេលនេះ មិនទាន់ចេញមុខអះអាងអ្វីមួយឡើយ៕