(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។
ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំង ដោយគ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
បន្ទាប់ពីទទួលបទបញ្ជារបស់សម្តេចតេជោ, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានអាជ្ញាធរមីន បានទាក់ទងធ្វើការជាមួយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងចាត់វិធានការដោះស្រាយភ្លាមៗ ដោយនឹងដាក់ពង្រាយកម្លាំងបោសសម្អាតនាថ្ងៃចន្ទទី០៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀត «មិនត្រឹមតែតំបន់អាងទឹកត្រពាំងថ្ម អស់មីនប៉ុណ្ណោះទេ គឺត្រូវបោសសម្អាត និងប្រកាសស្រុកភ្នំស្រុកទំាំងមូល ជាស្រុកអស់មីនតែម្តង លើផ្ទៃដីមានមីនចំនួន ២៥,១ហិកតា»។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចតេជោ មិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងផ្តល់សុខសន្តិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ សម្តេចតេជោ ថែមទាំងតែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងចង់ឃើញប្រជាពលរដ្ឋទាំងអស់ទាំងនៅក្នុងទីប្រជុំជន និងជនបទរស់នៅប្រកបដោយសុវត្ថិភាពគ្រប់គ្នា រួចផុតពីគ្រោះថ្នាកដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងនាមប្រជាពលរដ្ឋស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់នូវសុខសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងប្រែក្លាយតំបន់នេះ ទៅជាតំបន់អស់មីន និងផ្តល់សុវត្ថិភាពដល់ការអភិវឌ្ឍ លើផ្ទៃដីមានមីនចំនួន ២៤,៥ ហិកតា នារយៈពេលប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។
ជាមួយនឹងការងារបោសសំអាតមីននេះ សម្តេចតេជោនាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន សម្តេចសូមអរគុណទុកជាមុន។ បើតាមសម្តេចតេជោ តំបន់មានមីនខ្លះចំណាយត្រឹមតែ៥ម៉ឺនដុល្លារ ១០ម៉ឺនដុល្លារ ប៉ុណ្ណោះ ដែលពិបាកនឹងសុំជំនួយពីដៃគូបរទេស ដូច្នេះទើបទាមទារឲ្យរដ្ឋាភិបាលចំណាយដោយខ្លួនឯង ហើយប្រសិនបើមានវិស័យឯកជនជួយ គឺពិតជាល្អ។
របាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៥ ០០៣នាក់ ប្រុស ៥២ ៦៤៨នាក់ ស្ត្រី៤ ៧៩៣នាក់ កុមារា ៦ ១០៦នាក់ កុមារី ១ ៣៩៣នាក់។ ស្លាប់ ១៩ ៨១៨នាក់ ពិការ ៩ ០៧៧នាក់ និងរបួស ៣៦ ១០៨នាក់។
ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ ផ្ទៃដីបោសសម្អាតរួចបានចំនួន ២៦៩ ១៥៣ ០៤៩ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២២៩ ៨៥៩គ្រាប់ មីនតោនចំនួន ៤ ៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២៥៥ ៥០៣គ្រាប់។ ផ្ទៃដីដែលនៅសល់ ចំនួន ១១៤ ២៧៤ ៦១៧ ម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១ ៨៤៩ចម្ការ)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៨ ៨៨៦នាក់ ប្រុស ៧ ២២៧នាក់ ស្ត្រី ៧៣៩នាក់ កុមារា ៧២៣នាក់ កុមារី ១៨៣នាក់។ ស្លាប់ ២ ២៥៥នាក់ ពិការ ១ ៤៤២នាក់ និងរបួស ៥ ១៨៩នាក់។
សម្រាប់ស្រុកភ្នំស្រុក នៃខេត្តបន្ទាយមានជ័យ ផ្ទៃដីបោសសម្អាតរួចបានចំនួន ១ ៩០៥ ០៣៣ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៨៧៨គ្រាប់ មីនតោនចំនួន ៣៣គ្រាប់ និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦ ៥១២ គ្រាប់។ ផ្ទៃដីដែលនៅសល់ ចំនួន ២៥១ ៥៦៦ ម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ៨)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣៨០នាក់ ប្រុស ៣០០នាក់ ស្ត្រី ៣០នាក់ កុមារា ៣៧នាក់ កុមារី ១២នាក់។ ស្លាប់ ៩៥នាក់ ពិការ ១៦នាក់ និងរបួស ២៦៩នាក់។
ដោយឡែកនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ផ្ទៃដីបោសសម្អាតរួចបានចំនួន ១ ២៣៨ ០២៧ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១៨៥គ្រាប់ មីនតោនចំនួន ៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២ ៨១៨គ្រាប់។ ផ្ទៃដីដែលនៅសល់ ចំនួន ២៤៥ ៦៧៣ ម៉ែត្រក្រឡា (ស្មើនឹងចម្ការមីនចំនួន ៦)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៧នាក់ ប្រុស ៦នាក់ ស្ត្រី និង កុមារា ១នាក់។ ស្លាប់ ១នាក់ ពិការ ៤នាក់ និងរបួស ២នាក់៕