(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីរ-អង្គភាពទូទាំងខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សូមបន្តយកចិត្តទុកដាក់ចូលរួម និងគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបន្តរក្សា ការពារជីវភាពរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។
ការជំរុញបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។
លោកអភិបាលបានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល បានចូលរួមអនុវត្ត ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារនៃប្រធានបទដែលបានលើកឡើងសម្រាប់ឆ្នាំនេះ គឺ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិ នៃបញ្ហាសុខភាព និងមនុស្សធម៌»។
ជាមួយគ្នានេះដែរ លោក គង់ សោភ័ណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល សូមចូលរួម និងគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះមានតែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននឹងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូលរួមរបស់បងប្អូន អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ទន្ទឹមនឹងនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង-ស្រុក ទូទាំងខេត្ត ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត ពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) និង១ រាយការណ៍។
បើតាមលោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នគរបាលខេត្តកណ្ដាល និងជាលេខាធិការរងអចិន្រ្តៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកណ្ដាល បានឱ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការបង្រ្កាបគ្រឿងញៀនសរុប ៥៤០ករណី ឃាត់ខ្លួនជនសង្ស័យ ៩០៩នាក់ ស្រី ៥៨នាក់ ជនជាតិខ្មែរ ៨៨៩នាក់ ជនជាតិវៀតណាម ១៤នាក់ និងជនជាតិចិន ០៦នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៨៩ករណី ស្មើនឹង ១៤% ហើយគ្រឿងញៀនជិត ១០០គីឡូ ត្រូវបានបញ្ជូនទៅដុតចោលរួចរាល់ហើយ៕