(បន្ទាយមានជ័យ)៖ ថ្លែងចេញពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប ន្ដអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទៅទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាបន្ថែមទៀត ទាំងដែលអ្នកមិនទាន់ចាក់ដូសមូលដ្ឋាន និងអ្នកដែលដល់វេនត្រូវចាក់ដូសជំរុញ។
ក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយឥតគិតថ្លៃអ្វីទាំងអស់ បើទោះបីត្រូវចាក់ដល់ដូសទី២០ក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដចាត់ទុកថា ដើម្បីការពារ និងធានាដល់សុខភាពរបស់ប្រជាពលរដ្ឋអំពីស្ថានភាពធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩នោះ វិធីតែមួយគត់ គឺចាក់វ៉ាក់សាំងបង្ការ ខណៈជំងឺនេះមិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះហើយសម្ដេចនៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើងទទួលបាននូវសុវត្ថិភាព បើទោះបីជាឆ្លងក៏មិននាំទៅដល់ការស្លាប់ ឬភាពធ្ងន់ធ្ងរ រឿងតែមួយគត់ គឺចាក់វ៉ាក់សាំង។ ហើយខ្ញុំសូមបញ្ជាក់ថា កុំថាឡើយដូសទី៣ ដូសទី៤ ដូសទី៥ សូម្បីតែដូសទី២០ ក៏រាជរដ្ឋាភិបាលអត់យកលុយពីបងប្អូនប្រជាពលរដ្ឋនោះដែរ ខ្ញុំប្រើពាក្យថា ស្រោចវ៉ាក់សាំង»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញអំពីតួលេខចំនួនវ៉ាក់សាំងដែលនៅសល់ក្នុងឃ្លាំងផងដែរ មានចំនួន១០លាន៤សែនដូសទៀត ទាំងការបែងចែកតាមបណ្ដាខេត្ត និងឃ្លាំងនៅរាជធានីភ្នំពេញ។ សម្ដេចតេជោបន្ដថា កម្ពុជាមានវ៉ាក់សាំងនៅដល់ជាង២០លានដូសទៀត ដែលមិនទាន់ដឹកចូល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខាទិញវ៉ាក់សាំងប្រមាណជាង១០៤លានដូស សម្រាប់ប្រើប្រាស់នៅឆ្នាំ២០២៤ ២០២៥ ២០២៦ ដើម្បីធានាថា ប្រជាពលរដ្ឋកម្ពុជាមិនមានកង្វល់រឿងខ្វះវ៉ាក់សាំងចាក់នោះទេ។ សម្ដេចបន្ថែមថា ប្រទេសខ្លះប្រជាពលរដ្ឋមានកង្វល់រឿងចាក់វ៉ាក់សាំងអស់លុយ ប៉ុន្ដែកម្ពុជាមិនដូច្នោះឡើយ មានតែអ្នកវ៉ាក់សាំងបានលុយថែមទៀតផង ដូចជា លោកតា លោកយាយអាយុ១០០ឆ្នាំឡើង និងអ្នកលេខរៀងទី១លាន ដល់១០លាននាពេលកន្លងទៅ។
បើទោះបីប៉ុន្មានថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ឡើងវិញក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការស្លន់ស្លោ ឬភិតភ័យ និងផ្ដាំដល់មនុស្សអគិតមួយចំនួនកុំព្យាយាមបំពុលព័ត៌មានពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩។ សម្ដេចថា បុគ្គលម្នាក់ត្រូវបានចាប់ខ្លួនកាលពីយប់មិញ ដោយសារបង្ហោះវីដេអូបំពុល និងប្រឌិតថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ជាថ្មី នៅខេត្ដកោះកុង៕