(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយខែមិថុនា កម្ពុជា ទទួលបានចំណូលទាំងពន្ធដារ និងពន្ធគយ មានកើនឡើងជិត៥០០លានដុល្លារ ស្របពេលតម្រូវការក្នុងស្រុក និងការនាំចូល មានការកើនឡើង។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលឥលូវនេះ ចាប់ផ្ដើមងើប ម្សិលមិញនេះ ក្នុងមួយខែមិថុនា ចំណូលយើងបានឡើងជិត៥០០លានដុល្លារ ក្នុងមួយខែ ទាំងចំណូលគយ ទាំងចំណូលពន្ធដារ»។
ទោះបីជាយ៉ាងនេះក្ដី សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំណូលនេះ គឺវានៅតែទាប បើប្រៀបធៀបជាមួយនឹងឆ្នាំ មុនកូវីដ-១៩ ដែលចំណូលរបស់កម្ពុជាទទួលបាន រត់ពីចន្លោះ៥០០ ទៅ៧០០លានដុល្លារ ក្នុងមួយខែ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណូលរបស់យើង បានធ្លាក់នៅក្នុងឆ្នាំ២០២១ មកនៅក្រោម៤០០លានដុល្លារ ប៉ុន្ដែឥលូវនេះ យើងហក់ឡើងលើ៤០០លានដុល្លារ ក្នុងមួយខែ ស្របពេលកំណើនសម្រាប់តម្រូវការក្នុងស្រុក និងកំណើននៃការនាំចូល គឺមានការកើនឡើង។
គូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់៦.៦%។
សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។
អនុវិស័យ ដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន៖ អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។
ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣៕