(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។
ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំង ដោយគ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ថវិកាសម្រាប់ដោះមីន ក្នុងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយត្រូវប្រកាសជាបណ្តើរៗនូវតំបន់គ្មានមីន។
សម្តេចតេជោនាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន សម្តេចសូមអរគុណទុកជាមុន។
បើតាមសម្តេចតេជោ តំបន់មានមីនខ្លះចំណាយត្រឹមតែ៥ម៉ឺនដុល្លារ ១០ម៉ឺនដុល្លារ ប៉ុណ្ណោះ ដែលពិបាកនឹងសុំជំនួយពីដៃគូបរទេស ដូច្នេះទើបទាមទារឲ្យរដ្ឋាភិបាលចំណាយដោយខ្លួនឯង ហើយប្រសិនបើមានវិស័យឯកជនជួយ គឺពិតជាល្អ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំឲ្យស្នើឲ្យផ្តាច់ព្រ័ត្រ លើបញ្ហាការដោះស្រាយមីន នៅលើផ្ទៃដីដែលនៅសេសសល់ ក្នុងឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុកនេះ។ ឯកឧត្តម អ៊ុ រាត្រី ធ្វើការភ្លាមជាមួយអាជ្ញាធរមីន បញ្ជូនកម្លាំងចុះដោះឲ្យអស់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ក៏ដូចជាអាងត្រំពាំងថ្មីនេះ ជាតំបន់គ្មានមីន ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់ឲ្យអស់»។
សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា «ខ្ញុំគួរតែនិយាយលើបញ្ហាមីននេះ ឥឡូវយើងចាប់ផ្តើមប្រកាសដាក់ខេត្ត ដាក់ស្រុក ដាក់ឃុំជាបណ្តើរៗ អំពីតំបន់ដែលគ្មានមីន។ ខ្ញុំឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិ សម្រាប់ឆ្នាំ២០២៣ ឆ្នាំ២០២៤ ខាងមុខជាដំណាក់ៗ ដើម្បីបង្ហើយនៃការដោះមីន ហើយបញ្ចប់ខេត្ត បញ្ចប់ស្រុក ឬបញ្ចប់ឃុំ ប្រកាសថាគ្មានមីន [...] នៅទីកន្លែងមួយចំនួនជិតអស់មីនហើយ ប៉ុន្តែខ្វះលុយដោះ កម្លាំដោះមីនជាកម្លាំងស៊ីម៉ាក់ ជាកម្លាំងប្រតិបត្តិករដទៃទៀត យើងប្រើប្រាស់ថវិកានោះ ដើម្បីបោសសំអាតមីន និងដាក់តំបន់ទាំងនោះ ឲ្យទៅជាតំបន់គ្មានមីន»។
របាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៥ ០០៣នាក់ ប្រុស ៥២ ៦៤៨នាក់ ស្ត្រី៤ ៧៩៣នាក់ កុមារា ៦ ១០៦នាក់ កុមារី ១ ៣៩៣នាក់។ ស្លាប់ ១៩ ៨១៨នាក់ ពិការ ៩ ០៧៧នាក់ និងរបួស ៣៦ ១០៨នាក់។
ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ ផ្ទៃដីបោសសម្អាតរួចបានចំនួន ២៦៩ ១៥៣ ០៤៩ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២២៩ ៨៥៩គ្រាប់ មីនតោនចំនួន ៤ ៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២៥៥ ៥០៣គ្រាប់។ ផ្ទៃដីដែលនៅសល់ ចំនួន ១១៤ ២៧៤ ៦១៧ ម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១ ៨៤៩ចម្ការ)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៨ ៨៨៦នាក់ ប្រុស ៧ ២២៧នាក់ ស្ត្រី ៧៣៩នាក់ កុមារា ៧២៣នាក់ កុមារី ១៨៣នាក់។ ស្លាប់ ២ ២៥៥នាក់ ពិការ ១ ៤៤២នាក់ និងរបួស ៥ ១៨៩នាក់។
សម្រាប់ស្រុកភ្នំស្រុក នៃខេត្តបន្ទាយមានជ័យ ផ្ទៃដីបោសសម្អាតរួចបានចំនួន ១ ៩០៥ ០៣៣ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៨៧៨គ្រាប់ មីនតោនចំនួន ៣៣គ្រាប់ និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦ ៥១២ គ្រាប់។ ផ្ទៃដីដែលនៅសល់ ចំនួន ២៥១ ៥៦៦ ម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ៨)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣៨០នាក់ ប្រុស ៣០០នាក់ ស្ត្រី ៣០នាក់ កុមារា ៣៧នាក់ កុមារី ១២នាក់។ ស្លាប់ ៩៥នាក់ ពិការ ១៦នាក់ និងរបួស ២៦៩នាក់។
ដោយឡែកនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ផ្ទៃដីបោសសម្អាតរួចបានចំនួន ១ ២៣៨ ០២៧ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១៨៥គ្រាប់ មីនតោនចំនួន ៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២ ៨១៨គ្រាប់។ ផ្ទៃដីដែលនៅសល់ ចំនួន ២៤៥ ៦៧៣ ម៉ែត្រក្រឡា (ស្មើនឹងចម្ការមីនចំនួន ៦)។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៧នាក់ ប្រុស ៦នាក់ ស្ត្រី និង កុមារា ១នាក់។ ស្លាប់ ១នាក់ ពិការ ៤នាក់ និងរបួស ២នាក់៕