(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តព្រៃវែង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងព្រះរាជអាជ្ញារង សឿន មុនី្នរ័ត្ន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនមេចោរប្លន់ដ៏ធំម្នាក់ ប្រចាំខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលធ្លាប់ធ្វើសកម្មភាពជិត៤០ដង នៅទឹកដីខេត្តទាំង២នេះ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ដែលចូលរួមមកចាប់ខ្លួនមេចោរប្លន់រូបនេះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា ជននេះត្រូវបានចៅក្រមសាលាដំបូងខេត្តព្រៃវែងចេញដីកាបញ្ជាឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីប្លន់ និងលួចជាច្រើនដងនាពេលអតីតកាល ហើយជននេះទៀតសោត គឺជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តព្រៃម្លូទៀតផង។
មេចោរប្លន់រូបនេះមានឈ្មោះ មុឹង សារី ហៅគ្រូម៉េង អាយុជាង៦០ឆ្នាំ រស់នៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានចាប់ខ្លួននៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
មន្រ្តីនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា កាលពីពេលកន្លងទៅកម្លាំងនគរបាល បានចាប់ខ្លូនបក្ខពួករបស់គេ ដោយដកហូតកាំភ្លើងខ្លីមួយដើម និងអាកា២ដើមផងដែរ។
ជននេះមានកូនចៅមួយចំនួនទៀត ក្នុងនោះរួមមានទី១ឈ្មោះ នៅ ស័រ អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិ ក្រចាប់ក្រោម ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២ ឈ្មោះ ថោង យា អាយុជាង៥០ឆ្នាំ ទាំងពីរនាក់នេះត្រូវជាបងថ្លៃនិងប្អូនថ្លៃនិងគ្នា ត្រូវបានចាប់ខ្លួនមុនគេ ព្រមទាំងនាំទៅគាស់ យកកាំភ្លើងចំនួន៣ដើម ដែលពួកគេកប់ទុកក្នុងដី ក្នុងនោះមានកាំភ្លើងអាកា២ដើមនិងកាំភ្លើងខ្លី១ដើម ទី៣ ឈ្មោះ នុត ថង ហៅកុត អាយុ៣៧ឆ្នាំ រស់នៅភូមិចំណងទាក ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៤ ឈ្មោះ ងិន ថា អាយុ៤២ឆ្នាំ មានទៅលំនៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៥ ឈ្មោះ គង់ មករា ហៅបៀវ អាយុ៣៤ឆ្នាំ មានទៅលំនៅ ក្នុងភូមិជាមួយគ្នា ហើយជនទាំង៣នាក់នេះ កំពុងរត់គេចខ្លួនប៉ុន្តែ មានដីកាស្វែងរកចាប់ខ្លួនអស់ហើយ។
ក្រុមចោរប្លន់ទាំងនេះបានធ្វើសកម្មភាព ប្លន់ចំនួន៣៧លើក នៅក្នុងខេត្តព្រៃវែង និង ខេត្តស្វាយរៀង ជាពិសេសស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយលើកចុងក្រោយពួកគេបានប្លន់ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ នៅក្នុងភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយជុំគ្នា ស្រាប់តែក្រុមចោរទាំងនេះ ចាប់ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធឈ្មោះសំ ណាគ្រី និងឈ្មោះ ស ភា ចងវាយធ្វើបាប និងប្លន់យកបាន លុយចំនួន១២,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត។
មេខ្លោងម្នាក់នេះ គឺជាមេកន្ទុយលេខម្នាក់ មុនពេលប្លន់ជនរងគ្រោះ ឲ្យតែចាញ់កន្ទុយលេខ តែងបានខ្ចីលុយពីជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ មានពេលខ្លះ១លានរៀល និងពេលខ្លះទៀត ២លានរៀលទៀតផង។
លុះលើកចុងក្រោយខ្ចីទៀត មិនបានក៏មានកំហឹងនិងបានបោះពាក្យសម្ដីថា "មិនអីទេ រកលុយឯងប៉ុណ្ណឹងមិនបាន ចាំអញចាប់ជំរិតឯង ឲ្យអស់រាប់ម៉ឺនដុល្លារ" បន្ទាប់មកបាននាំបក្សពួក ចូលប្លន់ជនរងគ្រោះតែម្ដង។
ក្រោយមកកម្លាំងនគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង បានចាប់ខ្លួនជនសងស្ស័យ បាន២នាក់គឺមាន ឈ្មោះ ថោង យា និងឈ្មោះ នៅ ស័រ ហើយជនទាំងនេះបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពចំនួន៣៧លើក នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមាន ឈ្មោះ ម៉ឹង សារី ហៅ គ្រូម៉េង ជាមេខ្លោងចង្អុលបង្ហាញកន្លែងប្លន់និងរៀបគម្រោងការប្លន់។
ម្យ៉ាងទៀតពួកគេ ជិះម៉ូតូអូសរទេះ ធ្វើជាអ្នកដើររកទិញជ្រូក ប៉ុន្តែមិនដែលទិញនោះទេគឺ តថ្លៃខុសរហូត តាមពិតដើរមើលផ្លូវ ដើម្បីធ្វើសកម្មភាពប្លន់តែប៉ុណ្ណោះ បន្ទាប់ពីទទួលបានចម្លើយសារភាពនោះហើយ ទើបឈានដល់ការចាប់ខ្លួនមេខ្លោងនេះតែម្តង។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ក្រោយពីមានសកម្មភាពប្លន់ផ្ទួនៗគ្នា ជនសង្ស័យ ឈ្មោះ ម៉ឹង សារី ហៅ គ្រូម៉េង នោះក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែពេលបញ្ជូនដល់តុលាការខេត្តព្រៃវែង ក៏ត្រូវបានដោះ លែងវិញ ដោយតុលាការសម្រេចមិនឃុំខ្លួន ។
បន្ទាប់មកជនរងគ្រោះយល់ថា ជារឿងអយុត្តិធម៌ ទើបបន្តប្ដឹងទៅកាន់សាលាឧទ្ធរណ៍ទៀត ទើបមានដីកាចាប់ខ្លួនជននេះ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់ថា ជននេះត្រូវបានបញ្ជូនទៅដល់ស្នងការដ្ឋានខេត្ត នាយប់នេះ និងកំពុងបន្តការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕