(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារនៃកម្ពុជា និងអាជ្ញាធរ ខេត្តអ៊ូប៊ុន នៃប្រទេសថៃ នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២នេះ បានជួបពិភាក្សាគ្នា និងសម្រេចកំណត់យកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃបើកដំណើរការច្រកអានសេះឡើងវិញ ក្រោយបិទជាបណ្តោះអាសន្នដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងជំនួបពិភាក្សាស្តីពីការបើកដំណើរការច្រកអានសេះឡើងវិញនេះ ភាគីកម្ពុជា-ថៃ បានការឯកភាពគ្នាដូចខាងក្រោម៖
* ថ្ងៃបើកច្រកមានចំនួនបីថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៤៖៣០ រសៀល។
* ប្រជាពលរដ្ឋ ចេញ ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ក្នុងរយៈ ពេល ២៤ប៉ុណ្ណោះ ពាក់ម៉ាស់ ពិនិត្យកំដៅ។
* ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុសត្រូវខ្ពស់ ផ្នែកអនាម័យតាមតូប តាមផ្សារ មានការវិចខ្ចប់ ទៅដាក់កន្លែងមានសុវត្ថិភាព ឥវ៉ាន់ ចេញ-ចូល អនុញ្ញាតឱ្យមានរទេះរុញ។
* រួមគ្នាសហការទប់ស្កាត់គ្រឿងញៀន ជួញដូរមនុស្ស ធនធានធម្មជាតិ សត្វព្រៃ មុខជំនួញ ដែលច្បាប់បានហាម។
* អនុញ្ញាតឱ្យអ្នកជំងឺដែលត្រូវសង្គោះបន្ទាន់ចូលបាន តែ មិនទាន់អនុញ្ញាតឱ្យមានការចូលពិនិត្យសុខភាពនៅឡើយទេ(ភ្ជាប់មកនូវកាតវ៉ាក់សាំង)។
* ក្របខ័ណ្ឌមន្ត្រីរាជការ បញ្ជូនអ្នកទោស ដែលរួចខ្លួនពីការកាត់ទោសចេញ ចូលតាមច្រកនេះបាន ចំពោះឡានសំរាប់មន្ត្រីអាចចេញ ចូលបានដោយសហការជាមួយទំនាក់ទំនងព្រំដែននៃប្រទេសទាំង២ ចូលដល់ត្រឹមទីប្រជុំជននៃស្រុកទាំង២ ជាំក្សាន្ត និងណាំយឺន៕