(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីទិវាមច្ឆជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ នៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ដើម្បីទៅទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកសភា និងព្រឹទ្ធសភា អភិបាលខេត្ត អភិបាលខេត្តរង ប្រធានក្រុមប្រឹក្សាខេត្តសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត អង្គភាពទាំង៣ ប្រធានមន្ទីរ ជាវិញខេត្តបន្ទាយមានជ័យ បានចូលរួមពិនិត្យយកសំណាកជាង ៣០០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសាលាខេត្ត។
ក្នុងឱកាសយកសំណាកនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតទិវាមច្ឆជាតិ តាមរយៈអនុក្រឹតលេខ៩៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផលដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោកបានបន្តឲ្យដឹងទៀតថា ទិវាមច្ឆជាតិនេះ រាជរដ្ឋាភិបាលបានណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលាខេត្ត ក្រុង សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ និងគ្រឹះស្ថានសិក្សានានា ត្រូវបំផុសមន្ត្រីរាជការ មន្ដ្រីនគរបាល យោធិន និយោជិត សិស្ស និស្សិត និងប្រជារាស្ដ្រ អំពីស្មារតីគោរពច្បាប់ការពារធនធានជលផល។ ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែង ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជាសាកល នៃជំងឺឆ្លងកូវីដ១៩៕